ប្រជាពលរដ្ឋនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្វែងរកការអន្តរាគមន៍ ពីសម្ដេចបវរធិបតី ហ៊ុន ម៉ា ណែត ជួយរកយុត្តិធម៌ដល់ពួកគាត់

0
27

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រជាពលរដ្ឋនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្វែងរកការអន្តរាគមន៍ ពីសម្ដេចបវរធិបតី ហ៊ុន ម៉ា ណែត ជួយរកយុត្តិធម៌ដល់ពួកគាត់

កំពង់ធំ/ ប្រជាពលរដ្ឋ៦០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំ ដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ ផ្ដល់នូវយុត្តិធម៌ ដល់ពួកគាត់ ដោយក្ដីអនុគ្រោះផង ពីករណី ដីដែលរាជរដ្ឋាភិបាល កាត់ឆ្វៀល ប្រគល់ឱ្យ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់ ពួកគាត់ នោះ គឺភាគច្រើន ពុំបានធ្លាក់ដល់ដៃ ប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ និងអាស្រ័យផល ពិតប្រាកដ នោះទេ។

ផ្ទុយទៅវិញ ដីទាំងនោះ ត្រូវបាន អាជ្ញាធរ មានរដ្ឋបាល ឃុំ- ស្រុក បានឃុបឃិត គ្នា ជាប្រព័ន្ធ ផ្ដល់ ទៅឱ្យបក្ខពួក ខ្លួន និងជាពិសេស គឺយកឈ្មោះផ្សេងៗ ទៅតាងនៅលើដីនោះ ដើម្បីរៀបចំ ក្នុងគោល បំណង ទាញយក ផលប្រយោជន៍ ផ្ទាល់ ខ្លួន និងបក្ខពួក តែប៉ុណ្ណោះ។

ចំណែកពួកគាត់ ចំនួន៦០គ្រួសារ ដែលមានប្រវត្តិកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ ពិតប្រាកដ គឺមិនមាននឈ្មោះ បានទទួលនូវ ដីនោះឡើយ។

ប្រជាពលរដ្ឋទាំងនោះ បានបញ្ជាក់ថា ក្រោយពីទទួលនូវ ភាពមិនប្រក្រតី ទាំងនេះ ពួកគាត់ បានប្ដឹងតវ៉ា ទៅរដ្ឋបាលឃុំ និង ស្រុក ជាច្រើនលើក ប៉ុន្តែ លោកមេឃុំ និងលោក អភិបាលស្រុក ពុំបាន រកដំណោះ ស្រាយ សមស្រប ដើម្បីឱ្យពួកគាត់ ទទួល យកបាន នោះឡើយ។

ក្រោយមកពួកគាត់ ក៏បានដាក់ពាក្យបណ្ដឹង ទៅរដ្ឋបាលខេត្ត កំពង់ធំទៀត តែលទ្ធផល គឺស្ងាត់ឈឹងដដែល។

ហេតុនេះ ពួកគាត់គ្មានជម្រើស មានតែបន្តប្ដឹងទៅថ្នាក់ជាតិ ជាពិសេស សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត សុំឱ្យ សម្ដេច មេត្តាផ្ដល់នូវយុត្តិធម៌ ដល់ពួកគាត់ដោយក្ដីករុណាផងចុះ។

ប្រជាពលរដ្ឋ ទាំងនោះ សុំឱ្យមានការអន្តរាគមន៍ ស៊ើបអង្កេត ជាបន្ទាន់ណាមួយ ដើម្បីឈាន ទៅដល់ការផ្អាក ជាបណ្ដោះ អាសន្ន ទៅលើសកម្មភាព សំរុក បំពានចូលទៅកាន់កាប់ រំលោភលើដី ដែលពួក គាត់ បានកាន់កាប់ នោះ។

ដោយបច្ចុប្បន្ន មានគ្រឿងចក្រ ជាច្រើនគ្រឿង បានសម្រុក យ៉ាងសកម្ម ទៅឈូសឆាយ នៅលើដី និងព្រៃ និងដុតព្រៃ នៅចំណុចនោះ ដោយពង្រីក លើសទំហំ ដី ដែលរាជរដ្ឋាភិបាល កាត់ឆ្វៀលឱ្យនោះទៀតផង។

តំណាងប្រជាពលរដ្ឋ ៦០គ្រួសារ នេះបញ្ជាក់ថា ដីនោះ នៅចំណុច ក្រោមអាងទឹកចិន ជាប់ត្រពាំង ជ្រោយអង្ក្រង ឋិតនៅ ឃុំបារាយណ៍ គឺពួកគាត់ បានកាន់កាប់ តាំងពីឆ្នាំ១៩៩១ មកម្លេះ។

ក្រោយមក អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានផ្សព្វផ្សាយ មិនឱ្យ ប្រជាពលរដ្ឋ កាន់ កាប់ដីនោះ ដោយថា ដីនោះ ជាដីរបស់រដ្ឋ និងទុកជាដែនព្រៃ អភិរក្សសត្វខ្សឹម ប៉ុន្តែក្រោយមក ដីនោះ ត្រូវបាន រាជរដ្ឋា ភិបាល កាត់ឆ្វៀល ប្រគល់ឱ្យ ប្រជាពលរដ្ឋ ប៉ុន្តែបែរ ជាពួកគាត់ ជាអ្នកកាន់កាប់ នៅលើដីនោះ មិនទទួល បានទៅវិញ ទន្ទឹមគ្នា នឹងពួកគាត់ នៅតែតវ៉ា ជាប់រហូតនោះ។

ប្រជាពលរដ្ឋ បន្តថា កាលដែលតវ៉ា នៅសាលាឃុំ បារាយណ៍នោះ មេឃុំ ចេះតែឱ្យពួកគាត់ នៅឱ្យស្ងៀមទៅ.. វាមិនអត់នោះទេ កុំទៅភ័យ ប៉ុន្តែបើ មិនស្ដាប់គាត់ (មេឃុំ) ទេ ប្រយ័ត្នតែ បែកធ្លាយ ដល់លើ នោះ គឺគេមិនកាត់ឱ្យទេ គឺអត់តែ..ទាំងអស់ គ្នាហ្នឹង។

ទាក់ទិន នឹងព័ត៌មាននេះ លោក អ៊ួង សារឿន អភិបាលស្រុក បារាយណ៍ ពុំបានបំភ្លឺថាដូចម្ដេចទេ ដោយ អ្នកសារព័ត៌មាន ព្យាយាម ទាក់ទង មិនបាន ហេតុនេះ ការិយាល័យនិពន្ធ រង់ចាំការបំភ្លឺ គ្រប់ម៉ោងធ្វើការ ដើម្បីជូន សាធារណជន បានជ្រាប៕ ដោយ ការិយាល័យនិពន្ធ

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here