ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ជប៉ុនបោះទុនជាង១លានដុល្លាអាមេរិច សាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅខេត្តកំពង់ធំដើម្បីបង្កើននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

0
39

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ជប៉ុនបោះទុនជាង១លានដុល្លាអាមេរិច សាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅខេត្តកំពង់ធំដើម្បីបង្កើននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

(កំពង់ធំ)៖ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរសៀលថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៤។

ឯកឧត្តម តូច ប៊ុនហួរ លើកឡើងថាខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជាលើសពីនេះគ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជាមានទំហំធំនិងមានរសជាតិឈ្ងុយឆ្ងាញ់ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមានប្រទេសជប៉ុនផងដែរ។

ឯកឧត្តមបន្តថាគ្រាប់ស្វាយចន្ទីដែលផលិតក្នុងប្រទេសកម្ពុជាភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃនេះគឺដោយសារតែការកង្វះនូវកន្លែងសម្រាប់សម្ងួត ឃ្លាំងស្តុកទុក និងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ស្វាយចន្ទីក្នុងតម្លៃទាបភ្លាមៗបន្ទាប់ពីប្រមូលផល។

ឯកឧត្តមបន្ថែមថាដោយឃើញពីសក្តានុពលនៃផលិតផលស្វាយចន្ទីសម្តេចធិបតីនាយក រដ្ឋមន្ត្រីបានផ្តល់ការណែនាំដល់គណៈកម្មា
ធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ) ឱ្យធ្វើការដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃនិងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន

១) ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយ ចាប់ផ្ដើមពីផលិតផលពាក់កណ្ដាលសម្រេចសិនពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួតហើយក្នុងជំហានបន្ទាប់បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន ។

២)ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing)

៣) ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទី

៤) ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បី កែច្នៃនិង ការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុកនិងកែច្នៃគ្រាប់ស្វាយចន្ទី។

ជាមួយគ្នានេះខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះ បាន ១៤៥.៣០០ហិចតា ប្រមូលផលសរុបបាន ៨០.០០០ហិចតា និងទទួលបានទិន្នផលជាមធ្យម១,៥តោន/ហិចតាក្នុង១ឆ្នាំហើយ ខេត្តមាន សហគ្រាសសិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន ០៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែងផងដែរ។

គួរបញ្ជាក់ផងដែរថាការបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីប្រើប្រាស់ទុនជាង១លានដុល្លាអាមេរិច មានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិតបាន១០តោនក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា១៥០០តោនក្នុង១ឆ្នាំសម្រាប់ឆ្នាំដំបូងនិងសម្រាប់ឆ្នាំបន្ទាប់៣០០០តោន ក្នុង១ឆ្នាំ សាងសង់រយ:ពេល៤ខែ ចាប់ពីខែមីនាដល់ចុងខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះក៏មានការចុះអនុស្សរណៈកិច្ចសន្យាជាមួយនឹងសហគមន៍ចំនួន ១០ ដែលមានខេត្តព្រះវិហារចំនួន ៥ ខេត្តកំពង់ធំចំនួន ៥ ផងដែរ ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here