កិច្ចប្រជុំស្ដីពីវិធានការមុឺងម៉ាត់ ក្នុងការការពារទប់ស្កាត់  និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅខេត្តកំពង់ធំ 

0
22

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កិច្ចប្រជុំស្ដីពីវិធានការមុឺងម៉ាត់ ក្នុងការការពារទប់ស្កាត់  និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅខេត្តកំពង់ធំ 

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤​ 
នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិសេសមួយ​ ដើម្បីពិភាក្សាស្ដីពីវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាពខ្ពស់  ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្ធពិសេសមន្ទីរបរិស្ថាន និង​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជម្រាបជូនអំពីបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ ព្រមទាំងបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងវិធានការដាច់ខាតក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវបទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងនៅក្នុងខេត្តកំពង់ធំ​ ។
បន្ទាប់មក បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្ទីរកសិកម្មខេត្ត បានឡើងរាយការណ៍អំពីការលំបាក និងការងាយស្រួលក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបានលើកឡើងបញ្ជាក់អំពីចំណុចសំខាន់ៗ ដែលជាបញ្ហាប្រឈម​ ហើយនឹងបានលេីកឡេីងអំពីគោលដៅសំខាន់ៗដែលត្រូវសហការ​ ការពារឲ្យបានដាច់ខាត។

     ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងអានបទបញ្ជាលេខ០១៣/ បជ ឆ្នាំ២០២៤​ របស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  និងបានបញ្ជាក់ជូននូវផែនការ និងការណែនាំមួយចំនួនរបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក្នុងការធ្វើផែនការ ប្រើប្រាស់កងកម្លាំងសមស្របចូលរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការការពារទប់ស្កាត់ បង្ការ និងបង្ក្រាប ឱ្យខាងតែបាននូវរាល់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

     ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរយៈពេលកន្លងមកបានខិតខំរួមគ្នាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗទទួលបានលទ្ធផលល្អប្រសើរ ហើយជនល្មើសមួយចំនួនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោះស្រាយតាមផ្លូវច្បាប់ ជាធរមាន ។​ នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម ងួន រតនៈ ក៍បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនក្នុងការរៀបចំផែនការ ការប្រើប្រាស់កម្លាំងការពារតំបន់សំខាន់ៗ  និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាបអំពីផ្លូវច្បាប់ក្នុងការប្រព្រឹត្តបទល្មើសរំលោភកាប់ទន្ទ្រានព្រៃឈើ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ ហេីយ​ជាមួយនោះដែរមន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្ធរួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវសហការគ្នា ដើម្បីចាប់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here