មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព នៅកងវរសេនាតូចលេខ១

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព នៅកងវរសេនាតូចលេខ១

    (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីនៃក្រុមការងារប្រឡងប្រណាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព បន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់  នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក​ ខេត្តកំពង់ធំ។

      លោកវរសេនីយ៍ទោ ថនស៊ី សក្កដា មេបញ្ជាការកងវរសេនាតូចលេខ១ បានរាយការណ៍បញ្ជាក់ថា ក្នុងការអនុវត្តចលនាប្រឡងប្រណាំង អង្គភាពកងវរសេនាតូចលេខ១ បានចិញ្ចឹមគោចំនួន៣២ក្បាល ត្រីឆ្ពិនចំនួនប្រមាណជាង២ម៉ឺនក្បាល មាន់ទា ជាង២00ក្បាល និងបន្លែបង្ការមួយចំនួនសម្រាប់ផ្ដល់ជូនផ្ទះបាយ ក្នុងការហូបចុកប្រចាំថ្ងៃក្នុងអង្គភាព​ បន្ថែមលើគោលរបប ដែលក្រសួងការពារជាតិបានកំណត់ ។ ហើយបានគូសបញ្ជាក់បន្ថែមថា ដោយបច្ចុប្បន្ននេះស្ថានភាពធាតុអាកាសក្តៅខ្លាំង និងមានភាពរាំងស្ងួត បណ្ដាលឱ្យបន្លែបង្ការមួយចំនួនត្រូវស្វិតក្រៀមស្រពោនដោយកម្ដៅថ្ងៃ ហើយបន្លែបង្ការមួយចំនួនមិនអាចដាំដុះបន្ថែមថ្មីបានដោយសារមានការខ្វះខាតទឹក  ដោយអង្គភាពប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូង។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការកងវរសេនាតូចលេខ១ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលក្រៅពីការងារស្នូល នៅបានខិតខំយកចិត្តទុកដាក់ក្នុងការងារបង្កបង្កើនផលចិញ្ចឹមសត្វ បង្កើនជីវភាពរស់នៅដល់កងទ័ព ដែលត្រូវហូបបាយនៅក្នុងផ្ទះបាយរួម និងបានជួយឧបត្ថម្ភដល់ក្រុមគ្រួសារកងទ័ព  ដែលរស់នៅក្នុងទីតាំងបន្ទាយ ជាមួយស្វាមីទៀតផង ។

     ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមថា ដោយសារតំបន់នេះនៅក្នុងរដូវប្រាំងមានការខ្វះខាតទឹក ដូច្នេះចំពោះមុខយើងអាចដាំដំណាំរួមផ្សំមួយចំនួនក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយត្រូវថែទាំឲ្យបានល្អ នឹងត្រូវត្រៀមផ្គត់ផ្គង់ទឹកសម្រាប់កងទ័ព និងគ្រួសារកងទ័ពសម្រាប់ប្រើប្រាស់នៅក្នុងរដូវ ប្រាំង នេះ និងបានណែនាំដល់យោធិន ព្រមទាំងក្រុមគ្រួសារយោធិនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ការពារជៀសវាងជំងឺដង្កាត់ផ្សេងៗ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ គឺត្រូវ​ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here