(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការចាត់តាំងពីឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឧត្ដមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ស្តីពីការគ្រប់គ្រង និងបម្រើអតីតយុទ្ធជននៅខេត្តកំពង់ធំ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមអតីតយុទ្ធកម្ពុជា ស្រុកកៀនស្វាយស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់អំពីការគ្រប់គ្រងអតីតយុទ្ធជន ដោយបានបង្ហាញពីរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការគ្រប់គ្រងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន បានច្បាស់លាស់ត្រឹមត្រូវ និងបានធ្វើសកម្មភាពបម្រើក្រុមគ្រួសារអតីតយុទ្ធជន ដែលលំបាកខ្វះខាតមានដី តែគ្មានផ្ទះ និងមានផ្ទះរស់នៅមិនសមរម្យដោយបានសាងសង់ផ្ទះស្នាក់នៅ ជូនបងប្អូនអតីតយុទ្ធជននៅតាមបណ្ដាមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ បានចំនួន ២៤៦ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ព្រមជាមួយនេះបាន ជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ សោម ស៊ុន ក៍បានគូសបញ្ជាក់បន្ថែមទៀតអំពីការគ្រប់គ្រងដីសម្បទានសង្គមកិច្ច នឹងការសាងសង់ផ្ទះ ជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ បានចំនួន ២០៦ខ្នងផ្ទះរួចហើយ និងបានប្រគល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ ១ហិកតា ទៅ ១ហិកតាកន្លះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដមប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ក៏បានបញ្ជាក់ជូនផងដែរ អំពីការបេីកប្រាក់បេឡាមរណៈសង្គ្រោះ និងការបេីកប្រាក់ធានារ៉ាប់រងសង្គមជូនក្រុមគ្រួសារអតីតយុទ្ធជនបានត្រឹមត្រូវ និងទាន់ពេលវេលា ។
ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធគ្រប់ថ្នាក់នៅខេត្តកំពង់ធំ ដែលបានលះបង់កម្លាំងកាយចិត្ត និងមធ្យោបាយ សម្ភារៈ ថវិកា ក្នុងការបម្រើអតីតយុទ្ធជន នៅខេត្តកំពង់ធំ បានល្អប្រសើរ ។ ជាមួយនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ បានប្រគល់ភារកិច្ចមួយចំនួនបន្ថែមទៀត ក្នុងការបម្រេីបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ និងបន្តរៀបចំដីសម្បទានសង្គមកិច្ច ដេីម្បីបន្តសាងសង់ផ្ទះជូនជូនអតីតយុទ្ធជនយេីងដែលមានជីវភាពលំបាកខ្វះខាត គ្មានដីគ្មានផ្ទះ ដេីម្បីរៀបចំភូមិអតីតយុទ្ធជនរបស់យេីង នៅស្រុកសន្ទុកដោយមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាការគិតគូរខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងការបម្រើអតីតយុទ្ធជនយេីង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។