(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តអារាមក៏ជាឃ្លាំង ចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ ឯកឧត្តមថ្លែងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីកាត់ខ្សែបូរបញ្ចុះខណ្ឌសីមាព្រះវិហារវត្តធម្មគន្ធារាម (ហៅវត្តពៅពិសី) ស្ថិតនៅសង្កាត់អូរកន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា
វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តអារាមក៏ជាឃ្លាំង ចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ តែគួរឱ្យសោកស្តាយបំផុត កាលពីរបបប្រល័យពូជសាសន៍ប៉ុលពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទី ។ តែមកដល់បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង។ ជាក់ស្តែង វត្តនៅទូទាំង ខេត្តកំពង់ធំបានកើនរហូតដល់២៩៧វត្ត (ក្នុងនោះមានធម្មយុត្តិ០៤វត្ត) និងមានអាស្រម២២កន្លែង ដែលមានព្រះសង្ឃគង់នៅសរុបចំនួន ៣.៧១២អង្គ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតតើការដែលយើងទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក្យថា(អរគុណ សន្តិភាព) បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស នេះគឺដោយសារប្រជាពលរដ្ឋកម្ពុជា យល់អំពីតម្លៃនៃសន្តិភាពដែលរកបានដោយលំបាកបំផុតនេះ ហេតុនេះបន្តប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់ព្រះចៅអធិការវត្ត គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមថែរក្សាសមិទ្ធផលនានា ដែលបានកសាងរួចនៅក្នុងបរិវេណវត្ត និងរៀបចំបរិស្ថានឱ្យបានស្អាត ដើម្បីឱ្យពុទ្ធបរិស័ទមកគោរពបូជារៀងរាល់ថ្ងៃសីល និងកម្មវិធីបុណ្យទានផ្សេងៗ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
សូមបញ្ជាក់ផងដែរថា ព្រះវិហារថ្មីដែលបានសាងសង់រួចជាស្ថាពរនេះបណ្ដោយប្រវែង ២៤ម៉ែត្រ ទទឹងប្រវែង១២ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ កសាងនៅឆ្នាំ២០១៩ រួចរាល់នៅឆ្នាំ២០២៥ផងដែរ។