(រដ្ឋធានីសេអ៊ូល)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូខេត្តកំពង់ធំ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល (Seoul) នៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាលាក្រុងសេអ៊ូល ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥នេះ ។
ក្នុងជំនួបនោះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមអភិបាលរដ្ឋធានីសេអ៊ូល។
ឯកឧត្តមអភិបាលរដ្ឋធានីសេអ៊ូល និងឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកឡើងអំពីស្ថានភាពដូចគ្នានៃភូមិសាស្ត្ររដ្ឋធានី និងខេត្តទាំងពីរ ដែលមានទន្លេហាន និងស្ទឹងសែន ឆ្លងកាត់ និងដែលផ្តល់ផលយ៉ាងល្អប្រសើរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះ រដ្ឋធានីសេអ៊ូលបានរៀបចំកែលម្អដងទន្លេហាន បានយ៉ាងល្អប្រសើរ។ អភិបាលរដ្ឋធានីសេអ៊ូលបានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេស ដើម្បីនាំយកបទពិសោធន៍ដ៏ល្អរបស់រដ្ឋធានីសេអ៊ូល មកអនុវត្តតាមបែបផែនកម្ពុជា ពិសេសនៅតាមដងស្ទឹងសែន របស់ខេត្តកំពង់ធំផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញ ឯកឧត្តម អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំអាហារូបករណ៍ជូនមន្ត្រីរាជការខេត្តកំពង់ធំ មកសិក្សានៅសាកលវិទ្យាល័យសេអ៊ូល ដែលជាគ្រឹះស្ថានឧត្តមសិក្សាមួយរបស់រដ្ឋធានីសេអ៊ូល។ ឯកឧត្តម អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល បានឆ្លើយតបជាវិជ្ជមានលើការលើកឡើងរបស់រដ្ឋបាលខេត្តកំពង់ធំ។
ជាមួយគ្នានេះឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណចំពោះ លោក អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល ដែលបានទទួលសំណូមពររបស់លោក ពិសេសបង្កើនភាពជិតស្និត ទំនាក់ទំនងល្អរវាងរដ្ឋបាលទាំងពីរផងដែរ ។