(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្តសម្រាប់ខែបន្ទាប់ អនុវត្តការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នួន ផារ័ត្ន លើកឡើងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបី ដែលបានខិតខំក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការពារថ្នាក់ដឹកនាំដែលមានបេសកកម្មក្នុងទឹកដីខេត្តកំពង់ធំ ជាពិសេសបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងវាលលើ និងវាលក្រោម ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធិភាព ព្រមទាំងការពារមិនឱ្យមានការកាប់ទន្ទ្រានថ្មី ហើយដីដែលមានការកាប់ទន្ទ្រានហើយត្រូវការពារមិនឱ្យមានការដាំដុះជាដាច់ខាត។
លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍បន្តទៀតថា ឆ្នាំនេះខេត្តកំពង់ធំ នឹងមានការរៀបចំសង្ក្រានកំពង់ធំឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ងាកមកចាំអារម្មណ៍សង្ក្រានកំពង់ធំ និងចូលរួមទស្សនាកំសាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។ ដូច្នេះដើម្បីឱ្យដំណើរការពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រព្រឹត្តិទៅដោយរលូន និងមានភាពសប្បាយរីករាយ មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងអាជ្ញាធរក្រុងស្រុក ខិតខំចលនាបងប្អូនប្រជាពលរដ្ឋសំអាតបរិស្ថានជុំវិញផ្ទះ និងមុខផ្ទះឱ្យបានស្អាត ជាពិសេសអ្នករស់នៅក្នុងក្រុងស្ទឹងសែន ។ លើសពីនេះទៀត រដ្ឋបាលខេត្ត បានកំពុងរៀបចំតុងតែងលម្អនៅតាមសួនស្ទឹងសែន និងតាមដងផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែន ឱ្យមានភាពទាក់ទាញ លើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុងកាន់តែស្រស់ស្អាតថែមទៀត។