(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណាយសប្បុរិសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យទ្រៀល ស្ថិតនៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថោង ខុន, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, សមាជិកព្រឹទ្ធសភា និងរដ្ឋសភា, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ធំ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាននិងសមាជិកសមាគមឧកញ៉ាកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងលោកគ្រូអ្នកគ្រូនិងក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យទ្រៀល និងសាលាបឋមសិក្សានានានៅមូលដ្ឋានស្រុកតាំងគោកសរុបប្រមាណជាង ៣.៥០០នាក់។
បន្ទាប់ពីឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថាកាយវិការដ៏ប្រពៃថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជានាពេលនេះ គឺជាការចូលរួមយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការជំរុញគន្លឹះអាទិភាពទី១ ក្នុងការអភិវឌ្ឍ មូលធនមនុស្ស។ ការចែកអំណោយសប្បុរធម៌ និងការឧបត្ថម្ភនូវ អគារសិក្សានៅថ្ងៃនេះ បានបង្ហាញអំពីការយកចិត្ត ទុកដាក់លើវិស័យអប់រំក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំង ប្រទេស ជាពិសេសគឺជាការរួមចំណែកជំរុញឱ្យចក្ខុវិស័យ អប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា និង រាជរដ្ឋាភិបាលកាន់តែឆាប់សម្រេចបានតាមការគ្រោងទុក។
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួន ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ដែលជាអគ្គស្ថាបនិកដ៏ឆ្នើម នៃគោលនយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍជាតិ នាពេលបច្ចុប្បន្ននេះ ដែលកំពុងបន្តអនុវត្តយ៉ាងស្វាហាប់ និងឈ្លាសវៃ តាមមាគ៌ាដ៏ត្រឹមត្រូវដោយយុវជនបន្តវេនដ៏ប៉ិនប្រសប់របស់យើង គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សង្កត់បញ្ជាក់ថា ដើម្បីធានាឱ្យបាននិរន្តភាពនៃការីកចម្រើនរបស់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាប្រមុខ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពដ៏ចម្បងបំផុត ដែលនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាព ក្នុងការកសាង និងអភិវឌ្ឍជាតិមាតុភូមិ ដោយបានដាក់ចេញបន្ថែមពីលើគោលនយោបាយដែលមានស្រាប់ នូវវិធានការគន្លឹះចំនួន៤រួមមាន៖ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន ដោយផ្ដោតលើការគ្រប់គ្រងរបស់នាយកសាលា។ ២.ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា ទាំងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ៣.ការយកចិត្តទុកដាក់លើកសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ។ ៤.ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា-អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ដូចជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិកសមាជិកាសមាគម ព្រមទាំងសប្បុរសជនចំនួន១១៤រូប ដែលបានចូលរួមបរិច្ចាគជាថវិកានិងសម្ភារៈសរុបជាទឹកប្រាក់ជាង១.១៧៨.៨៨៨ ដុល្លារអាម៉េរិក សម្រាប់ប្រគល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃខេត្តកំពង់ធំ ក្នុងនោះរួមមាន៖ កសាងអគារសិក្សាចំនួន៥ខ្នង ស្នើនឹង៥៥បន្ទប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការនិងលោកជំទាវ ព្រមទាំងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជានិងលោកជំទាវ និងសប្បុរសជន បានអញ្ជើញចែកអំណោយដោយផ្ទាល់ជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ក្នុងនោះជូនលោកគ្រូអ្នកគ្រូចំនួន១៨៥នាក់ ជាកញ្ចប់សម្លៀកបំពាក់ចម្រុះ កាតាបចំនួន១ កញ្ចប់និងថវិកា៦ម៉ឺនរៀល, ជូនលោកគ្រូអ្នកគ្រូចំនួន១៦នាក់ដែលខ្វះមធ្យោបាយធ្វើដំណើរ ក្នុងម្នាក់ៗទទួលបានកង់១គ្រឿង,ជូនលោកគ្រូអ្នកគ្រូចំនួន១៥នាក់ដែលខ្វះមធ្យោបាយធ្វើដំណើរហើយនៅឆ្ងាយពីសាលា ម្នាក់ៗទទួលបានម៉ូតូ១គ្រឿង, ជូនដល់សិស្សានុសិស្សចំនួន៥៦៥០នាក់ ម្នាក់ៗទទួលបានសម្ភារៈសិក្សា១ឈុត ឯកសណ្ឋានសិស្ស១ឈុត សម្លៀកបំពាក់នៅផ្ទះ១ឈុត និងថវិកាចំនួន៤ម៉ឺនរៀល ព្រមទាំងជូនសិស្សានុសិស្សចំនួន៧៨៤នាក់ ដែលខ្វះខាតមធ្យោបាយធ្វើដំណើរ ម្នាក់ៗទទួលបានកង់ម្នាក់១គ្រឿង។
សមាគមក៏ជួយជួសជុលអគារ ផ្ដល់សម្ភារសិក្សា បរិក្ខាបង្រៀន សម្ភារព័ត៌មានវិទ្យាជូនដល់សាលាបឋមសិក្សាចំនួន ៦កន្លែង ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ៥២.៦០២ ដុល្លារអាម៉េរិក និងផ្តល់ការឧបត្ថម្ភជូនដល់កងកម្លាំង និងប្រជាការពារចំនួន៣៦៥នាក់ ម្នាក់ៗថវិកាចំនួន៤ម៉ឺនរៀល ក្រុមគ្រូពេទ្យថវិកា៥លានរៀល ក្រុមយុវជន ស.ស.យ.ក ថវិកាចំនួន២លានរៀល ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់សរុបចំនួន ៣៥០០នាក់ផងដែរ។