(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ប្រចាំកុម្ភៈ ទិសដៅបន្តខែមីនា ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ នៅសាលប្រជុំកងរាជអាវុធហត្តខេត្តកំពង់ធំ។
កម្មវិធីប្រជុំនេះដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន -អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ មេបញ្ជាការ កងអនុសេនាធំចល័តផងដែរ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព តម្រាយផ្លូវ សម្រួលចរាចរណ៍ ក្នុងពិធីចែកអំណោយ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅស្រុកតាំងគោកខេត្តកំពង់ធំ ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានណែនាំ និងដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង គ្រប់ជំនាញ បណ្ដាក្រុង/ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តន៍តួនាទី/ភារកិច្ច ចូលរួមក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេស គ្រឿងញៀន ក្មេងទំនើង បទល្មើសធនធានធម្មជាតិ ។ ចូលរួមសម្រួលចរាចរពេលសិស្សឆ្លងផ្លូវ និងចូលរួមសហការការពារធានាសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញមកក្នុងពិធីនាពេលខាងមុខធានាឲ្យបាននូសុខសុវត្ថិភាព។