(កំពង់ធំ)÷ លោកជំទាវ យស ថានារី សមាជិការដ្ឋសភាមណ្ឌលកំពង់ធំ បានលើកឡើងនៅក្នុងឱកាសដែលលោកជំទាវ ជួបសំណេះសំណាល ជាមួយចាស់ព្រឹទ្ធាចារ្យ ដែលរួមការងារកន្លងមក និងយុវជនក្នុងឱកាសទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤កុម្ភៈ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
កម្មវិធីជួបសំណេះសំណាលក៏មានការអញ្ជើញចូលរួម លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ហុក ផល្លី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក កែវ ស៊ីដែត ប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលកំពង់ធំ និងយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលអញ្ជើញមកពី ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន និងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ សរុបអ្នកចូលរួមចំនួន៥៧នាក់។
នៅក្នុងឱកាសនេះ លោកជំទាវ យស ថានារី បានថ្លែងថា បុណ្យនៃក្តីស្រឡាញ់ថ្ងៃទី១៤កុម្ភៈ ជាបុណ្យបញ្ជាក់អំពីសេចក្តីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់ សម្រាប់តែគូស្នេហ៍ទេ។ សេចក្តីស្រឡាញ់មានលក្ខណះទូលំទូលាយ ប៉ុន្តែថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ត្រូវបានយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅ ថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។ នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឱ្យគ្នាទៅវិញទៅមក។
លោកជំទាវសមាជិករដ្ឋសភាមណ្ឌលកំពង់ធំ បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ ដែលខិតខំអនុវត្តការងារនៅតាមអង្គភាពរបស់ខ្លួន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ទីមួយឆ្នាំទៅមួយឆ្នាំ។ ពិធីសំណេះសំណាលនាពេលនេះគឺដើម្បីផ្សារភ្ជាប់ភាពទំនាក់ទំនង នៃសេចក្តីស្រឡាញ់ សហការគ្នា សាមគ្គីភាពគ្នា ជាធ្លុងមួយសម្រេចគោលដៅ នាពេលខាងមុខ។ សូមពិសិទ្ធពរ ដល់ក្រុមការងារទាំងអស់ ជួបទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា លោកជំទាវ យស ថានារី សមាជិការដ្ឋសភាមណ្ឌលកំពង់ធំ បានប្រគល់នូវក្រម៉ាចំនួន១ និងអាហារមួយកញ្ចប់(មាននំប៉័ងសម្លការី ទឹកសុទ្ធ១ដប) ហើយថតទុកជាអនុស្សាវរីយ៍ និងពិសាអាហារសាមគ្គីជាមួយគ្នាផងដែរ។