(កំពង់ធំ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម នៅក្នងខេត្តកំពង់ធំ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកជំទាវ ហ៊ូ សុពណ៍ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ព្រឹម រដ្ឋាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកអនុប្រធានមន្ទីរកសិកម្មខេត្ត មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងអាជីវករចូលរួមសរុប ២០៥នាក់ និងមន្រ្តីកសិកម្មឃុំ-ស្រុក ២១នាក់ផងដែរ។
នាឱកាសនោះ ឯកឧត្តម ព្រឹម រដ្ឋា បានសំណូមពរដល់អាជីវករក្នុងខេត្តកំពង់ធំទាំងអស់ ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលមួយចំនួនដែលរៀបចំឡេីងដោយក្រសួងកសិកម្មឱ្យបានញឹកញាប់ ដើម្បីធានាថា នៅពេលរៀនចប់ នឹងក្លាយជាអាជីវករជី-ថ្នាំកសិកម្ម ប្រកបដោយមនសិការវិជ្ជាជីវៈ ជាអ្នកប្រឹក្សាយោបល់ដ៏ល្អដល់អ្នកប្រើប្រាស់ និងតម្រូវការរបស់ប្រជាកសិករ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ឱ្យចេះបែងចែករវាងជី-ថ្នាំកសិកម្ម និងទំនិញផ្សេងៗ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់គ្រួសារខ្លួនឯង និងសុខភាពសាធារណជៀសវាងធ្វើឱ្យបាត់បង់តុល្យភាពជីវសាស្រ្ត បរិស្ថាន ដូចជា ទឹក ដី បរិយាកាស និងជាឧបសគ្គដល់ការនាំចេញកសិផលទៅលក់នៅក្រៅប្រទេស។
ជាមួយគ្នានោះផងដែរ ឯកឧត្តម ឡោ រស្មី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ដែលបានសហការក្នុងការគ្រប់គ្រងដល់អាជីវករធាតុចូលកសិកម្ម និងទប់ស្កាត់ការចរាចរណ៍ជី-ថ្នាំកសិកម្មខុសច្បាប់ នៅតាមព្រំដែន តាមគោលការណ៍ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រង ផ្គត់ផ្គង់ និងចែកចាយធាតុចូលកសិកម្ម ផ្សារភ្ជាប់ជាមួយមន្រ្តីជំនាញបច្ចេកទេស មន្រ្តីកសិកម្មឃុំ ក្នុងការធានាបាននូវគុណភាពផលិតផលកសិកម្មក្នុងស្រុក និងប្រសិទ្ធភាពសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មខុសច្បាប់នៅលើទីផ្សារ។
ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកឡើងអំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគាំទ្រដល់វិស័យកសិកម្មក្នុងការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងសម្រេចបាននាពេលកន្លងមក។ ជាពិសេស ការរៀបចំគោលនយោបាយផលិតជីសរីរាង្គ ឱ្យផលិតជីសរីរាង្គក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ។
ឯកឧត្តម ឡោ រស្មី បានសំណូមពរដល់ក្រុមហ៊ុន អាជីវករ និងមន្រ្តីកសិកម្មឃុំ ទាំងអស់ចូលរួមចែករំលែកនូវចំណេះដឹងអោយបានទូលំទូលាយនិងសុីជម្រៅ ជាពិសេសអំពីការប្រេីប្រាស់ជីកសិកម្មអោយបានត្រឹមត្រូវទៅតាមស្ថានភាពដំណាំ និងដីដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាងៗខ្លួន។