(កំពង់ធំ)÷ រដ្ឋបាលឃុំក្តីដូង បានរៀបចំពិធីទស្សនកិច្ចមើលការសាងសង់ស្នាក់ការគណបក្សឃុំក្តីដូងសម្រេចបាន៤៥%ហើយ ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានក្រុមការងារចុះជួយឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។
កម្មវិធីទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជាវ ចាន់នី អគ្គនាយករដ្ឋាករទឹកក្រុងស្ទឹងសែន ឯកឧត្តម គឹម លាងសេង សមាជិកក្រុមប្រឹក្សាខេត្ត លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ឆេកវិទ្យា និងនវានុវត្តន៍ខេត្ត ព្រមទាំងសហការី លោកស្រី ទត គឹមសុភារិន្ទ តំណាងឱ្យគណៈកម្មាធិការគណបក្សស្រុកកំពង់ស្វាយក្រុមការងារចុះជួយឃុំក្តីដូង លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ឆេកវិទ្យា និងនវានុវត្តន៍ខេត្ត ជាអ្នកត្រួតពិនិត្យដោយផ្ទាល់ការងារសាងសង់ និងការងារបច្ចេកទេសនៃសំណង់ និងក្រុមការងាររដ្ឋបាលឃុំទាំងអស់សរុប២៤នាក់ ស្រី០៦នាក់។
លោកជំទាវ លំ គន្ធារី បានលើកទឹកចិត្តដល់ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំ ប្រជាពលរដ្ឋ និងសប្បុរសជន ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស និងមានសុវត្ថិភាពក្នុងការទុកដាក់ឯកសារ សូមឱ្យអាជ្ញាធរភូមិ/ឃុំ ត្រូវយកចិត្តដាក់ខ្ពស់ និងបម្រើដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកជំទាវប្រធានក្រុមការងារចុះជួយឃុំ ក៏បានជំរុញដល់ក្រុមជាងទាំងអស់ ត្រូវតែយកចិត្តទុកដាក់សាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំក្តីដូងនេះ ឱ្យមានគុណភាពទៅតាមស្តង់ដារនៃបច្ចេកទេសសំណង់ ដើម្បីប្រើប្រាស់បានយូរអង្វែងធានាបាននៅបរិមាណខ្ពស់ ចៀសសវាងកុំឱ្យមានការខូចខាតឬក៏បាក់ស្រុតដោយប្រការណាមួយនោះឡើយ។
គួរបញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តីដូង មានផ្ទៃដីទំហំ៩៩០ម៉ែត្រការ៉េ អគារត្រូវសាងសង់ទំហំ ១៧០ម៉ែត្រការ៉េ កម្ពស់៧.៤៥០ម៉ែត្រ អគារមួយជាន់ផ្ទាល់ដី ប្រក់ក្បឿង ក្រាលការ៉ូ សាងសង់ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រេចបាន៤៥% ហើយ ដោយប្រើប្រាស់ថវិកាអស់ជិត២៧.០០០ដុល្លារសហរដ្ឋអាមេរិក។