(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការសង្ក្រាន ដើម្បីពិភាក្សាការងារត្រៀមរៀបចំកម្មវីធីព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៥ កម្មវិធីនេះប្រារព្ធធ្វើនៅសួនស្ទឹងសែន ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅសួនស្ទឹងសែន ។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា កិច្ចការទាំងនេះ យើងធ្លាប់ធ្វើ ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ក្រោមបរិយាកាសសប្បាយរីករាយ និងមានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការរៀបចំសង្ក្រានកំពង់ធំនេះ ក្នុងគោលបំណងដើម្បីជួបជុំគ្នា នាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ព្រមទាំងបង្ហាញពីកត្តាសុខសន្តិភាពប្រទេសជាតិ ក៏ដូចជាបង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តកំពង់ធំ និងធ្វើការស្វែងយល់ អំពីភាពសក្តានុពលនៅខេត្តកំពង់ធំផងដែរ ។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការរៀបចំសង្ក្រានកំពង់ធំឆ្នាំនេះ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មាន ១៣ទីតាំង ហើយពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំឆ្នាំ២០២៥នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។