(ខេត្តកំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង១,៧៦០ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
ពិធីបើកការដ្ឋាននេះ បានរៀបចំឡើងនៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ថ្នាក់ដឹកនាំខេត្ត, មន្រ្តីរាជការ, អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សិស្សានុសិស្សសរុបចំនួន៨៨០នាក់។
ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វេីរបាយការណ៍ជូនអង្គពិធីឱ្យបានជ្រាបថា ផ្លូវក្រាលល្បាយក្រួសក្រហមមួយខ្សែប្រវែង ១,៧៦០ម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានលើកកម្រិតជាផ្លូវក្រាលកៅស៊ូពីរជាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងថាពិធីបើកការដ្ឋានដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស បានមានប្រសាសន៍ថាដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ តាមរយៈការបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ចូលទៅទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់កម្ពុជា ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកជាច្រើនទៀត។ ដោយមានកិច្ចសហការជាមួយអាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង១,៧៦០ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលលក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូលចំនួន៤កន្លែង និងមានរយៈពេលសាងសង់ចំនួន៦ខែ ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។