(ខេត្តកំពង់ធំ)÷ លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី ស្រុកស្ទោង ណែនាំដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីព្រមទាំងលោកអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំព្រះដំរី កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅវត្តប្រាសាទពេជ្ររង្សី ស្ថិតនៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្រៅពីការ ដោះស្រាយរាល់សំណូមពរ និងតម្រូវការប្រជាពលរដ្ឋនៅក្នុងឱកាសនេះ លោកបានបញ្ជាក់បន្ថែមថាការអភិវឌ្ឍន៍មូលដ្ឋានគឺផ្ដើមចេញពីការរួបរួមសហការគ្នាទាំងអាជ្ញាធរមូលដ្ឋានអង្គភាពជំនាញពាក់ព័ន្ធក៏ដូចជាក្រុមការងារទើប អាចឆ្លើយតប ជាក់ស្ដែងចំពោះមូលដ្ឋាន ហើយជាការអភិវឌ្ឍន៍ពិតប្រាកដ។
លើសពីនេះក្នុងនាមប្រធានក្រុមការងារ លោកនឹងជួយកសាងនូវប្រឡាយទឹកមួយខ្សែដែលនឹងជួយដល់ប្រព័ន្ធស្រោចស្រពស្រែស្រូវកសិករនៅក្នុងឃុំព្រះដំរីនិងឃុំផ្សេងៗឲ្យកាន់តែមានវិសាលភាពនិងភាពធានាលារស្រោចស្រពឱ្យកាន់តែល្អប្រសើរជាងមុន។
លើសពីនេះទៀតលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានព្រមានធ្ងន់ៗដល់សេវាករអគ្គិសនីព្រះដំរី ឲ្យកែប្រែឥរិយាបទអវិជ្ជមានមួយចំនួនក្នុងការ ផ្ដល់សេវានិងប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការហៅឲ្យជួយដោះស្រាយបញ្ហាផ្សេងៗជាពិសេសបញ្ហាអគ្គិសនីដែលពួកគាត់បានជួបប្រទះឲ្យបានឆាប់រហ័សនិងមានជំនឿទុក្ខចិត្ត។
ទន្ទឹមនឹងនេះលោកបានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវផ្ដល់សេវាទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្ដល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាប់ភាពនិងមានការជ្រោមជ្រែងតាមដានដោយផ្ទាល់ពីក្រុមប្រឹក្សាឃុំ។
បន្ថែមពីនេះទៀតលោក សាយ គឹមឡម បានណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់អាជ្ញាធរឃុំត្រូវពិនិត្យមើលលទ្ធភាពជាក់ស្ដែងក្នុងការជួយបូបសង្គ្រោះស្រែស្រូវកសិករដែលកំពុងរងគ្រោះដោយការខ្វះខាតទឹក ឱ្យបានទាន់ពេលវេលា
ជាចុងបញ្ចប់លោកណែនាំដល់អាជ្ញាធរឃុំព្រះដំរីត្រូវសិក្សាឲ្យបានច្បាស់លាស់ ថែមទៀតក្នុងការកសាងប្រឡាយទឹកមេដែលចេញពីអាង៣០កញ្ញាផ្ទាល់ក្នុងការស្រោចស្រពឃុំព្រះដំរីនិងឃុំផ្សេងៗទៀត។