(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើបនេះ ទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម ប្រការសំខាន់ត្រូវមានការសហការរួមគ្នា កសាងទំនុកចិត្តជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។
ដោយយល់ឃើញពីផលប្រយោជន៍យូរអង្វែង ប្រជាកសិករផលិតស្រូវ បានឯកភាពរួមគ្នាក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងច្បាប់ដើម្បីចុះបញ្ជី ព្រមទាំងងាកមកដាំពូជស្រូវសែនក្រអូបដែលមាន ៥០០ហិកតាស្រាប់ និងបន្តពង្រីកសក្តានុពលនៃពូជក្នុងស្រុកនេះចំនួន ៣ ១៥៨ ហិកតានារដូវក្រោយក្នុងខែមេសានេះ ជាមួយនឹងកិច្ចសន្យាផលិតកម្ម និងមានតម្លៃទីផ្សារខ្ពស់។
ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក ក្នុងគោលបំណងពិនិត្យមើលសណ្ឋានភាពទឹកសម្រាប់ស្រែប្រាំងរបស់ប្រជាកសិករក្នុងស្រុកបារាយណ៍នេះ ដើម្បីកុំឱ្យមានការខ្វះខាត និងអាចគ្រប់គ្រងបានដោយមិនប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ៕