ពិធីក្រុងពាលី បញ្ចុះបឋមសិលាអគារសិក្សាថ្មី០១ខ្នង រួមទាំងសមិទ្ធផលនានា នៅសាលាបឋមសិក្សាកំពឺត

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីក្រុងពាលី បញ្ចុះបឋមសិលាអគារសិក្សាថ្មី០១ខ្នង រួមទាំងសមិទ្ធផលនានា នៅសាលាបឋមសិក្សាកំពឺត

កំពង់ធំ៖ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ជឺងបឺង សុង (Jeong Beung Sung) អ៊ុលសានជុងប៉ូរ៉ូតារីក្លឹប នៃសាធារណរដ្ឋកូរ៉េខាងត្បូង រួមជាមួយនឹងក្រុមការងារ និងសហការី នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាអគារសិក្សាថ្មី០១ខ្នង មាន៦បន្ទប់ ជាមួយបន្ទប់ទឹក របង ក្លោងងទ្វារ ទីចាត់ការ និងដងទង់ជាតិ ក្នុងសាលាបឋមសិក្សាកំពឺត ស្ថិតនៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងមានការចំណាយលើការបំពាក់សម្ភារៈផ្សេងៗដូចជាតុសិស្ស ត្រូគ្រូ និងក្ដារខៀន ។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្កបានឱ្យដឹងថា អគារសិក្សា១ខ្នង មាន៦បន្ទប់ អគារទីចាត់ការបណ្ណាល័យ១ខ្នង នឹងសមិទ្ធផលផ្សេងទៀត នៃសាលាបឋមសិក្សាកំពឺត ក្នុងគោលដៅបំពេញនូវកង្វះខាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ក៏ដូចជាការជួយសម្រួលដល់ការសិក្សារបស់ក្មួយៗ សំដៅលើកកម្ពស់គុណភាព នៃការផ្ដល់សេវាអប់រំសាធារណៈ ។

ឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍ផងដែរថា ការគិតគូររបស់ថ្នាក់ដឹកនាំ ធ្វើឱ្យសមិទ្ធផលនៃអគារសិក្សា កើតមានដូចពេលនេះ គឺក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំ នៅក្នុងកម្រិតមូលដ្ឋាន ដែលធ្វើយ៉ាងណាឱ្យកូនចៅ របស់បងប្អូនប្រជាពលរដ្ឋយើង មានសមត្ថភាពពិតប្រាកដ ដែលផ្ដើមចេញពីការអប់រំ ចំណេះដឹងទូទៅបាន គឺផ្ដើមចេញពីកម្រិតមូលដ្ឋាននេះ និងសូមអរគុណដល់លោក ជឺងបឺង សុង (Jeong Beung Sung) និងក្រុមការងារ របស់អ៊ុលសានជុងប៉ូរ៉ូតារីក្លឹប នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយសាងសង់សាលារៀននេះ។

ឯកឧត្តមអភិបាលរងខេត្ត ឱ្យដឹងទៀតថា មានការសហការល្អ ទើបមានសប្បុរសជនមកជួយប្រទេសយើងដូចថ្ងៃនេះតែម្ដងដែលមាន លោក ជឺងបឺង សុង (Jeong Beung Sung) អ៊ុលសានជុងប៉ូរ៉ូតារីក្លឹប នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដែលបានសាងសង់អគារសិក្សានេះឡើង ជាគោលបំណង របស់សប្បុរសជន និងមានផែនការរបស់សាលាបឋមសិក្សាកំពឺតនេះ ឱ្យទៅជាសាលាគំរូ ដែលប្រការនេះ នាយកសាលាបឋមសិក្សា ត្រូវធ្វើការសិក្សា យកបទពិសោធន៍ពីសាលាគំរូ១ នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីយកមកធ្វើបទពិសោធន៍ មកដឹកនាំ ធ្វើឱ្យសាលារបស់ខ្លួន ទទួលបានជាសាលាគំរូ ដែលមានលក្ខណៈប្រកួតប្រជែង និងផ្តល់នូវការអប់រំប្រកប ដោយគុណភាពផងដែរ។

ថ្លែងក្នុងឱកាសចុះបំពេញបេសកកម្ម ឯកឧត្តម ញឹក បានខេង បានលើកឡើងថា ជាការពិតណាស់ សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលមនុស្ស និងជាស្ពានចម្លងគ្រោះអវិជ្ជា សម្រាប់កូនក្មួយ ក្នុងការស្វែងរកអនាគតរបស់ខ្លួន ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ រស់នៅក្នុងភាពសុខក្សេមក្សាន្ត និងអាចជួយស្រោចស្រង់ជីវិតមនុស្ស ឱ្យរួចផុតពីភាពក្រខ្សត់បាន។

ទន្ទឹមនឹងនោះ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានជម្រាបជូនពីគោលបំណង ចង់ស្ថាបនាបន្ថែម នូវទីចាត់ការ អណ្តូងទឹក ដងទង់ជាតិ ក្លោងទ្វា របង និងបរិស្ថាននានា ក្នុងសាលាបឋមសិក្សាកំពឺត ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន សម្រាប់កុមារជនជាតិដើមភាគតិច និងកុមារដែលរស់នៅតំបន់ដាច់ស្រយ៉ាល បានទទួលការរៀនសូត្រ ដូចកុមារនៅទីប្រជុំជននឹងគេដែរ។

ក្នុងនោះផងដែរលោក ជឺងបឺង សុង (Jeong Beung Sung) បានផ្ដាំផ្ញើ ដល់អ្នកម៉ៅការសំណង់ឱ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារសាងសង់អគារសិក្សាថ្មីនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ត្រូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេស មានគុណភាព និងពន្លឿនការងារសាងសង់នេះ ឱ្យបានលឿនមុនការគម្រោងទុក និងបានក្រើនរំលឹកដល់អាជ្ញាធរស្រុក ត្រូវចុះត្រួតពិនិត្យជាប្រចាំ។

សូមបញ្ជាក់ថានេះ ជាអំណោយដ៏ថ្លៃថ្លា របស់សប្បុរសធម៌ របស់អ៊ុលសានជុងប៉ូរ៉ូតារីក្លឹប នៃសាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងទំហំទឹកប្រាក់សរុប ១១៥លានវ៉ុន ស្មើនឹងទឹកប្រាក់ជាង៩០.០០០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕ ដោយ ហ៊ីឈុនលី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here