(កំពង់ធំ) ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍គណ:កម្មការជាតិទន្លេមេង្គ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានថ្លែងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រគល់ឯកសណ្ឋានប្រជាការពារជូនប្រជាការពារនៅក្នុងឃុំចំណាក្រោម កាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥។
ឆ្លៀតនៅក្នុងឱកាសនេះ ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលឯកឧត្តមតែងតែនឹករលឹក គិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមារភាព ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោងគ្រប់ពេលវេលា និងបានចូលរួមអភិវឌ្ឍស្រុកស្ទោង នូវហេដ្ឋារចនាសម្ព័ន្ធនានាស្អេកស្កះជាពិសេសប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដែលជាផ្នែកមួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចជាតិថែមទៀត។
ឯកឧត្តមបានបន្ថែមថា ប្រជាការពារពិតជាបានរួមចំណែកយ៉ាងធំធេងបំផុតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក៏ដូចជារក្សានូវសុខសន្តិភាពដោយមានការលះបង់ខ្ពស់បំផុតមិនខ្លាចនឿយហត់ មិនថាយប់ថ្ងៃ ជាពិសេសពុំមានប្រាក់កម្រៃឬប្រាក់ឧបត្ថម្ភ និងជាអ្នកដែលនៅជិតផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឬស្ថានភាពជាក់ស្ដែងណាមួយនិងជាអ្នកជួយដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានទាន់ពេលវេលា ប្រកបដោយផ្លែផ្កា ជាទីមោទនៈ និងកោតសរសើរហើយបានបន្តនិរន្តរភាពសន្តិសុខក្នុងសង្គមផងដែរ។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាន ថ្លែងអំណរគុណជាអនេកដល់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងសហរីដែលតែងគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ជាពិសេសកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារដែលតែងតែចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិសុខ ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំចំណាក្រោមនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវគិតគូរយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខមាលភាពនិងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាការពារ ដើម្បីជាការឆ្លើយតបនិងដឹងគុណនូវការលះបង់ដ៏ធំធេងរបស់គាត់ជាមួយអាជ្ញាធរប្រកបដោយភាពជឿជាក់និងនិរន្តរភាព។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោងបានលើកទឹកចិត្តដល់អាជ្ញាធរឃុំចំណាក្រោម ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយភាពជឿជាក់ និងស្និទ្ធស្នាលបំផុតហើយត្រូវធ្វើបច្ចុប្បន្នភាពកងកម្លាំងប្រជាការពារដើម្បី មានកងកម្លាំងគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា ប្រជាការពារដែលត្រូវបានទទួលឯកសណ្ឋាននៅក្នុងឱកាសនេះមានចំនួន១១២នាក់ ហើយគណអធិបតីបានលើកទឹកចិត្ត ឧបត្ថម្ភទឹកប្រាក់ក្នុងម្នាក់ៗចំនួន១ម៉ឺនរៀល និងកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល៥នាក់ម្នាក់ៗ ២ម៉ឺនរៀលផងដែរ។