(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង ឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក ប្លោក ចន្ទរដ្ឋាប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមការងារថ្នាក់ឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្តីដូង ស្ថិតក្នុងភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោកជំទាវ លំ គន្ធារី បញ្ជាក់ថា ក្នុងថ្ងៃនេះ គឺជាថ្ងៃដ៏ល្អមួយក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្តីដូង មានកិត្តិយស និងសេចក្តីរីករយក្រៃលែងចំពោះសមិទ្ធផលកំពុងតែចាប់ផ្ដើមកសាងនេះ ព្រោះវាជាផ្នែកមួយដែលមានសារៈសំខាន់បំផុត សម្រាប់សមាជិក សមាជិកាគណបក្សទាំងអស់ប្រើប្រាស់នៅក្នុងមូលដ្ឋានភូមិ ឃុំ ។
ប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់/ភូមិ ហើយមានវ័យចំណាស់ជាងគេមានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗជាច្រើនជូនប្រជាជន និងប្រទេសជាតិ បានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់ថែមទៀត។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានលើកទឹកចិត្តដល់ប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំ ប្រជាពលរដ្ឋ និងសប្បុរសជន ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស និងមានសុវត្ថិភាពក្នុងការទុកដាក់ឯកសារ សូមឱ្យអាជ្ញាធរភូមិ/ឃុំ ត្រូវយកចិត្តដាក់ខ្ពស់ និងបម្រើដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានផ្ទៃដីទំហំ ៩៩០ម៉ែត្រការ៉េ អគារត្រូវសាងសង់ទំហំ ១៧០ម៉ែត្រការ៉េ កម្ពស់ ៧.៤៥០ម៉ែត្រ អគារមួយជាន់ផ្ទាល់ដី ប្រក់ក្បឿង ក្រាលការ៉ូ សាងសង់ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះតទៅ ដោយប្រើប្រាស់ថវិកាអស់ជិត២៧.០០០ដុល្លារសហរដ្ឋអាមេរិក។