លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានសង្កត់ធ្ងន់លើការងារគ្រប់គ្រងដឹកនាំត្រូវយកបេះដូងមកធ្វើ ដោយផ្អែកតាមគោលការ៧ចំណុចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
(កំពង់ធំ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២៥ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក ស្ថិតនៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក លោក ឡង គីសឹង អភិបាលនៃគណ:អភិបាលស្រុកសន្ទុក លោក-លោកស្រីវរសេនីយ៍ មេបញ្ជាការរងខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការក្រុង-ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការការិយាល័យជុំវិញស្រុក សរុបចំនួន៧៣នាក់ (នារី១២នាក់) ។
ក្នុងឱកាសនោះដែរលោក ឡង គីសឹង អភិបាលស្រុកសន្ទុកបានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយ ស្វាគមន៍ការប្រកាសមុខតំណែងលោកអនុសេនីយ៍ឯក នេត ចាន់សុភាព ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកថ្មីនៅពេលនេះ លោកបានធ្វើការកោតសរសើរដល់លោកវរ:សេនីយ៍ទោ ស្រី សំណាង ដែលបានដឹកនាំការងារបានល្អ រយ:ពេលជាង២៣ឆ្នាំកន្លងមកនេះ ជូនប្រទេសជាតិ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នឹងបានផ្ដាំផ្ញើរបន្ថែមដល់មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មី យកចិត្តទុកដាក់ក្នុងការពារប្រទេសជាតិ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្តស្នាដៃល្អៗពីលោកមេបញ្ជាការចាស់ដែលបានចូលសោធននិវត្តន៍កាលពីពេលកន្លងទៅថ្មីៗនេះ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការផ្តល់អនុសាសន៍ណែនាំដល់លោក អនុសេនីយ៍ឯក នេត ចាន់សុភាព មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកថ្មី ត្រូវប្រកាន់ខ្ជាប់នូវវិន័យសេចក្តីថ្នូររបស់កងរាជអាវុធហត្ថ អនុវត្តន៍ការងារឲ្យត្រូវតាមតួនាទីភារកិច្ច គោរពតាមឋានុក្រមអោយបានត្រឹត្រូវ តាមការកំណត់របស់ថ្នាក់លើប្រគល់ជូន ជាពិសេសគោរពក្រមសីលធម៌វិជ្ជាជីវ:កងរាជអាវុធហត្ថឲ្យបានត្រឹមត្រូវ ។ មានសាមគ្គីភាពផ្ទៃក្នុង ចេះគោរពផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក កុំអោយមានការឈ្លោះទាស់ទែងគ្នា ចេះមានសិល្ប:ចែករំលែក អប់រំកែលម្អគ្នា និងរៀនសូត្រនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ថា. ការងារគ្រប់គ្រងដឹកនាំត្រូវយកបេះដូងមកធ្វើ ដោយផ្អែកតាមគោលការ៧ចំណុចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដូចតទៅ: ទី១.ការហូបចុកឲ្យបានគ្រប់គ្រាន់ ទី២. បើកចែកស្របតាមគោលរបបនិងបំពេញបន្ថែមពីលើគោលរបប ទី៣. ការស្នាក់នៅ មានកន្លែងស្នាក់នៅសមរម្យមានអនាម័យ រៀបចំឲ្យមានការប្រចាំការ២៤/២៤ម៉ោង ទី៤. ថែទាំសុខភាព ព្យាបាលជំងឺ ធ្វើលំហាត់ប្រាណ កីឡា និងកុំហូបស្រារច្រើនពេក ។ ទី៥. ធ្វើការអប់រំរៀនសូត្រ ដុសខាត់ចំណេះដឹង រៀនពីបច្ចេកវិទ្យាdigital ថ្មីៗ ទី៦. មធ្យោបាយធ្វើដំណើរ ថែទាំជួសជុលឲ្យបានល្អ ។ ទី៧. មានការកំសាន្តសប្បាយក្រោយបញ្ចប់ភារ:កិច្ច និងចូលរួមដោះស្រាយទុក្ខលំបាក ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថាកងរាជអាវុធហត្ថជាមន្ត្រីនគរបាលយុត្តិធម៌ គឺជាទាហានច្បាប់ ធ្វើជាទាហានច្បាប់ ត្រូវតែគោរពច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ទៅណាមកណាត្រូវសុំការអនុញ្ញាតច្បាប់អោយបានត្រឹមត្រូវតាមបែបបទរដ្ឋបាល។ ដើម្បីតម្រង់ទិសក្នុងការដឹកនាំ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ បានដាក់ចេញនូវទិសស្លោកជាបន្តបន្ទាប់ ” ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ និងប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្ថែមថា. យកចិត្តទុកដាក់ថែទាំមធ្យោបាយសម្ភារ: គ្រឿងបំពាក់
អាវុធគ្រាប់ឲ្យបានត្រឹមត្រូវ ការពារវត្ថុឆាបឆេះ រៀបចំឲ្យមានប្រព័ន្ធសុវត្ថិភាព ចាត់កម្លាំងយាមកាមឲ្យបានហ្មត់ចត់ ។ ជួសជុលលាបពណ៌អគាកន្លែងធ្វើការឲ្យបានស្អាតមានសោភ័ណ្ឌភាព មានអនាម័យបើមានលទ្ធភាពត្រូវសាងសង់អាគាថ្មីបន្ថែម។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ជូនអង្គពិធីផងដែរថា ÷ ការផ្លាស់ប្តូរលោកវរ:សេនីយ៍ទោ ស្រី សំណាង ជាមេបញ្ជាការចាស់ចេញនៅពេលនេះ មិនមែនមានន័យថាលោកមេបញ្ជាការចាស់មានកំហុសអីនោះទេ ។ គឺលោកវរ:សេនីយ៍ត្រី ស្រី សំណាង ដល់អាយុចូលនិវត្តន៍ និងបានខិតខំបំពេញការងារមានស្នាដៃល្អជាច្រើននារយ:ពេលជាង២៣ឆ្នាំកន្លងមកនេះ ដូច្នេះសូមថ្លែងអំគុណយ៉ាងជ្រាលជ្រៅចំពោះលោក វរ:សេនីយ៍ទោ ស្រី សំណាង ដែលបានធ្វើការបំរើប្រជាជននិងប្រទេសជាតិ។ស្របនិងពាក្យមួយឃ្លាថា(ពេលនៅឱ្យប្រជាជនស្រឡាញ់ ពេលចេញឱ្យប្រជាជននឹករលឹក)។