(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងព្រះគ្រូបរិត្តកោសល្យ ណិប អៀន ព្រះអនុគណស្រុកស្ទោង បានអញ្ជើញនិងនិមន្តកាត់វិញ្ញាសាប្រឡងសញ្ញាបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក មណ្ឌលស្រុកស្ទោង (វត្តឃ្លាំងខ្មូត )ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៥។
ក្នុងឱកាសនោះដែរលោក សាយ គឹមឡម បាននិមន្តបិណ្ឌបាត្រ បេក្ខជននិង ព្រះសង្ឃគ្រប់អង្គ ត្រូវខិតខំយកព្រះទ័យទុកដាក់ប្រឡងឱ្យអស់ពីលទ្ធភាព ហើយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡងដើម្បីទទួលបានលទ្ធផលល្អនិងបានជាប់និទ្ទេសល្អគ្រប់ៗអង្គហើយអាចបន្តនិមន្តសិក្សានៅថ្នាក់បន្ទាប់នៃឆ្នាំសិក្សាថ្មីបន្តទៀត។
លើសពីនេះលោកអភិបាលស្រុកស្ទោង បានថ្លែងអំណរព្រះគុណយ៉ាងក្រៃលែងដល់ព្រះគ្រូ បរិត្តកោសល្យណិប អៀន ចៅអធិការវត្តឃ្លាំងខ្មូតនិងជាព្រះអនុគណស្រ្កស្ទោង ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយដែលបានផ្ដល់ទីតាំងសម្រាប់ប្រលងនិងទ្រទ្រង់ចង្ហាន់សមណបេក្ខជននៅក្នុងឆ្នាំនេះ។
សូមបញ្ជាក់ថា នៅមណ្ឌលស្រុកស្ទោងចែកចេញជា១៧បន្ទប់ ក្នុងនោះ ថ្នាក់ត្រីមាន១១បន្ទប់ និងមានបេក្ខជនសរុប២១២ អង្គ ថ្នាក់ទោចែកចេញជា៤បន្ទប់ មានបេក្ខជនសរុប៩៩អង្គ និងថ្នាក់ឯកចែកចេញជា២បន្ទប់ និងមានបេក្ខជន៥៣អង្គផងដែរ។