(កំពង់ធំ)÷ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំព្រោជកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមបានបញ្ជាក់ថា វេទិកាថ្ងៃនេះ ពិតជាមានអត្ថប្រយោជន៍ក្រៃលែងដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននិងពុកម៉ែបងប្អូនប្រជាពលរដ្ឋបានជួបជជែកពិភាក្សាគ្នាផ្ទាល់និងបានស្តាប់នូវកង្វល់ សំណូមពរនិងតម្រូវការជាក់ស្ដែងដែលបានកើតមានឡើងលើពុកម៉ែបងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមសន្យានឹងខិតខំដោះស្រាយនិងឆ្លើយតបតាមស្ថានភាពជាក់ស្ដែងនិងពេលវេលាជាក់លាក់ណាមួយ ហើយក្រុមការងារនឹងជីកប្រឡាយមេមួយខ្សែកាត់ឃុំទ្រា កំពង់ចិនត្បូង និងឃុំសំព្រោជ ដើម្បីឆ្លើយតបនិងស្រោចស្រពស្រែស្រូវរបស់កសិករនិងរំដោះទឹកជំនន់ស្ទឹងស្ទោងផងដែរ និងផ្លូវបេតុងជាច្រើនគីឡូម៉ែត្រថែមទៀតនៅឆ្នាំ២០២៦ខាងមុខ។
ជាមួយគ្នានេះឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនៅជាប់នឹងគម្រោងសាងសង់ប្រព័ន្ធប្រឡាយមេថ្មី សូមចូលរួមបរិច្ចាគទាំងអស់គ្នាដើម្បទទួលបានប្រឡាយសម្រាប់បញ្ជូននិងរំដោះទឹកជាប្រយោជន៍រួមទាំងអស់គ្នា។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងឃុំសំព្រោជត្រូវប្រើប្រាស់និងគ្រប់គ្រងបញ្ឈប់ការរំលោភបំពានដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនឬកម្មសិទ្ធិផ្ទាល់ខ្លួនដែលបាត់បង់ប្រយោជន៍រួមរបស់សាធារណជននិងប្រជាពលរដ្ឋហើយធ្វើឱ្យមាននូវអំពើអាណាធិបតេយ្យផងដែរ។
លើសពីនេះលោកបានជំរុញ និងលើកទឹកចិត្តដល់អាណាព្យាបាលជួយជំរុញឱ្យកូនចៅខិតខំសិក្សារៀនសូត្រឱ្យអស់លទ្ធភាពជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងមូលធនមនុស្ស។
លោកសាយ គឹមឡម អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស គ្រូបង្រៀននិងគ្រប់ភាគីពាក់ព័ន្ធជាពិសេសកងកម្លាំងទាំងបីនិងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាបង្ក្រាបក្មេងទំនើងឱ្យខាងតែបានដើម្បីរក្សាបាននូវសុវត្ថិភាពនិងវប្បធម៌ដ៏ល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពជា ជាពិសេសអនុវត្តតាមបទបញ្ជានិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាហើយត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិព្រៃលិចទឹកនិងជីវចម្រុះព្រមទាំងដីអភិរក្សតំបន់បីឱ្យបានទុកជាកេរ្តិ៍ដំណែលដល់កូនចៅយើងជំនាន់ក្រោយគ្រប់ៗគ្នា។