(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ សមាជិកគណបក្សតាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត
សមាជិកគណបក្សក្រុង ស្រុក លោក លោកស្រី ក្រុមការងារយុវជន គណបក្សក្រុង/ស្រុក ក្រុមការងារយុវជន នៃវិទ្យាល័យ ៥៥៥នាក់ បានញ្ជើញចូលរួមកម្មវិធីពិធីប្រកាសប្រធាន និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅភោជនីយដ្ឋានឡូវគឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល បានថ្លែងថាដើម្បីអនុវត្តឱ្យបានជោគជ័យតាមផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ដែលគណៈកម្មាធិការកណ្តាល ក៏ដូចជាគណៈកម្មាធិការគណបក្សខេត្តបានដាក់ចេញកន្លងមក គណៈកម្មាធិការគណប្សខេត្តបានខិតខំយកចិត្តទុកដាក់នូវកិច្ចការមួយចំនួនដូចជា បន្តកសាងពង្រីក សមាជិកបក្សឱ្យបានពី៧៥% ទៅ៨០% នៃបញ្ជីបោះឆ្នោតតាមការកំណត់របស់គណៈកម្មាធិការកណ្តាល ព្រមទាំងពង្រឹងការគ្រប់គ្រងសមាជិកបក្ស ពិសេសសមាជិកបក្សចំណាកស្រុក ក្រៅខេត្ត និងក្រៅប្រទេស។ ក្រៅពីការកសាង ពង្រឹង និងពង្រីកសមាជិកបក្ស មន្ត្រីគណបក្សគ្រប់ លំដាប់ថ្នាក់ គឺត្រូវបន្តចិញ្ចឹមចលនាតាមមូលដ្ឋានគ្រប់រូបភាព ដោយការចុះជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ពិសេសការជំរុញឱ្យសមាជិកបក្ស ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណបានទាន់ពេលវេលា។
ឯកឧត្តម ងួន រាសី ជាប្រធាន និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានឡើងប្តេជ្ញាចិត្ត ដើម្បីបង្កើនឱ្យមានជំនឿយកចិត្តទុកដាក់កាន់តែខ្លាំងពីពលរដ្ឋក្នុងខេត្តកំពង់ធំ ជាពិសេសយុវជនបក្សទាំងអស់ នឹងបន្តដណ្តើមជ័យជម្នះគ្រប់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ១.ប្តេជ្ញា អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ២.ចូលរួមពង្រឹង និងថែរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាស្នូលដ៏រឹងមាំរបស់គណបក្ស តាមគោលការណ៍រក្សាចាស់បង្កើនថ្មី និងប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់ប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ណែនាំតម្រង់ទិស តាមដានវាយតម្លៃ និងពង្រឹងជាប់ជាប្រចាំនូវ របៀបរបបការងារ របបប្រជុំ ត្រួតពិនិត្យ និងរបបរបាយការណ៍ ហើយខិតខំបន្តចិញ្ចឹមចលនាយុវជនគណបក្សនៅមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ជាមួយប្រជាជន និងមហាជន ឈ្វេងយល់តម្រូវការចាំបាច់ និងខំប្រឹង ជួយដោះស្រាយសំណូមពររបស់យុវជន និងប្រជាពលរដ្ឋឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ៣.ចូលរួមចំណែករក្សាសន្តិភាព ស្ថេរភាពនយោបាយដោយបន្តកសាង ពង្រឹង និង ពង្រីកអង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ឱ្យមានគោលជំហរ ទស្សនៈនយោបាយច្បាស់លាស់ និងសតិអារម្មណ៍រឹងមាំ ព្រមទាំងអនុវត្តតាមគោលការណ៍ សមាជិកបក្សម្នាក់ជាសំឡេងឆ្នោតគាំទ្រមួយ សំឡេងសម្រាប់គណបក្ស ដើម្បីនាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ជូនគណបក្សជានិរន្តរ៍។ ៤.ចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសម្រាប់កសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ៥. ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងក្រុមការងារយុវជនគណបក្ស និងក្រុមការងារយុវជនដែលមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ និងត្រឹមត្រូវ ជាពិសេសជាមួយអង្គការ យុវជនក្រៅរដ្ឋាភិបាល ឬក្រៅប្រព័ន្ធ ដើម្បីបានរួមគ្នាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនគណបក្ស ទាំងជំនាញទន់ និងជំនាញរឹង ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍សំដៅដល់ការរួមគ្នាជាកម្លាំងចលករកំចាត់ ចោលនូវបដិវត្តពណ៌គ្រប់រូបភាព និងជំរុញឱ្យមានការអភិវឌ្ឍសមត្ថភាពយុវជនសតវត្សន៍ទី២១ឱ្យកាន់តែ មានភាពសម្បូរបែបក្នុងយុគសម័យឌីជីថល។