(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស ចំនួន២៣៥នាក់ ដែលសុទ្ធតែជាអតីតសមាជិកបក្សប្រឆាំង ដែលមកពីបណ្តាក្រុងស្រុក ក្នុងខេត្តកំពង់ធំ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីនោះដែរឯកឧត្តម នួន ផារ័ត្ន បានស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ព្រមទាំងស្នើឲ្យសមាជិក-សមាជិកាបក្សទាំងអស់ ត្រូវខិតខំអភិវឌ្ឍន៍ចំណេះដឹង និងកសាងសមត្ថភាព ឨ្យក្លាយជាធនធានមនុស្ស សម្រាប់ប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឲ្យកាន់តែរីកចម្រើន។
ឯកឧត្តម មានប្រសាសន៍បន្ថែមទៀតថា រាល់ទង្វើរបស់គណបក្សប្រឆាំង មិនមានគោលនយោបាយច្បាស់លាស់ បោកប្រាស់ប្រជាពលរដ្ឋ ជាពិសេសតែងតែចង់ឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួន រវាងខ្មែរគ្នាឯង នាំប្រទេស ទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។
ជាមួយគ្នានោះដែរ អតីតសមាជិក សមាជិកា និងជាសកម្មជនរបស់បក្សប្រឆាំង ដែលទើបប្រកាសបញ្ចូលមកជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។