(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេតកំពង់ធំ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បី បញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
កម្មវិធីសំណេះសំណាល និងជូនដំណើរយោធិន ក៍មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នគរបាលខេត្ត លោកប្រធានមន្ទីរអង្គភាពជំវិញខេត្ត លោក អភិបាលក្រុង/ស្រុក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ អាណាព្យាបាល របស់យោធិន។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ក៏បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការពិនិត្យលក្ខណ:សម្បត្តិ និងការប្រឡងតេស្តសមត្ថភាព ដោយក្រុមការងាររបស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានប្រកាសលទ្ធផល បេក្ខជនដែលបានចូលរួមប្រឡង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំគឺ៖ ១-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ជាស្ថាពរ )ចំនួន៥៥នាក់។ ២-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ត្រៀមបម្រុង)ចំនួន០៤នាក់។
នាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណ:សម្បត្តិ (ជាប់ជាស្ថាពរ ) ក្នុងការប្រឡងហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលនឹងត្រូវបានជូនដំណើរទៅចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ( ភ្នំជុំសែនរីករាយ)នៅពេលនេះ។ សូមយោធិនទើបជ្រើសរើសថ្មី ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បំពេញបេសកកម្មឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ។
ឯកឧត្ដម បញ្ជាក់ថាការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប មានការរៀបរយ មានវិជ្ជាជីវ: មានសមត្ថភាព ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍន៍បច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក។ ពិភពលោកបច្ចុប្បន្ន ក៏គេកំពុងធ្វើកំណែទម្រង់កងទ័ព និងធ្វើទំនើបកម្មសម្ភារៈសឹកដោយសកម្មបំផុត ក្នុងគោលដៅការពារប្រទេសជាតិរបស់គេផងដែរ។ បច្ចុប្បន្នថ្វីត្បិតតែប្រទេសយើង មានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសក្នុងគ្រាមានគ្រោះមហន្តរាយ ទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗ។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋ។
ក្នុងការជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួននាក់៥៥នាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ ក៏ឧបត្ថម្ភជាថវិកាចំនួន ១៣,៤០០,០០០រៀល(ដប់បីលានបួនសែនរៀល) ក្នុងនោះម្នាក់ៗទទួលបាននូវថវិកាចំនួន២០ម៉ឺនរៀល។
ជាមួយគ្នានោះ លោកឧត្តសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភដល់គ្រូបង្គោលចំនួន ០៨នាក់ ម្នាក់ៗថវិកា ២០ម៉ឺនរៀល ដោយឡែកគ្រូបង្គោលមកពីមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករីករាយចំនួន០២នាក់ បានទទួលថវិកាសរុប៦០ម៉ឺនរៀលក្នុងម្នាក់ៗ។ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភក្រមាចំនួន៥៩ក្រមា ដល់សិក្ខាកាមចំនួន៥៩នាក់ ក្នុងមួយម្នាក់ៗ ទទួលបានក្រមា០១ ផងដែរ ដើម្បីទៅចូលហ្វឹកហ្វឺនបន្តនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)។