(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមចំនួនបីខែ្ស ប្រវែង៥១គីឡូម៉ែត្រ ដែលត្រូវឆ្លងកាត់ឃុំចំនួន បី គឺឃុំក្លែង ឃុំសណ្តាន់ និងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់អូរឬស្សីជាប់ព្រំប្រទល់ឃុំសណ្តាន់ និងឃុំដងកាំបិត ។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក គង់ សុភា អភិបាលរងស្រុក តំណាងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍ពីសភាពការណ៍មួយចំនួនជូនគណៈអធិបតី និងអង្គពិធីរួចមក លោក ជុំ ដាវីន តំណាងលោក សំ លាងទ្រី ប្រធានក្រុមការងារស្ថាបនាផ្លូវរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឡើងរាយការណ៍អំពីផែនការស្ថាបនាផ្លូវ ៣ខ្សែ ដែលជាប្រភេទផ្លូវក្រាលគ្រួសក្រហមប្រវែង៥១គីឡូម៉ែត្រ ឆ្លងកាត់ចំនួន៣ឃុំ គឺឃុំក្លែង ឃុំសណ្ដាន់ និងឃុំដងកាំបិត ខេត្តកំពង់ធំ តាមលក្ខណៈបច្ចេកទេស ដែលកន្លងមកផ្លូវនេះមានការខូចខាតយ៉ាងខ្លាំង លំបាកដល់ការធ្វើដំណើររបស់ប្រជាជន ពិសេសក្នុងរដូវវស្សា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសណ្តាន់ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជួយស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមចំនួន បី ខ្សែ ប្រវែងជាង ៥១គីឡូម៉ែត្រនៅពេលនេះ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ បានស្រួលក្នុងមូលដ្ឋានឃុំ ព្រមទាំងពីឃុំមួយទៅឃុំមួយ និងពីឃុំទៅកាន់ទីរួមស្រុក និងពីស្រុកទៅកាន់ទីប្រជុំជនខេត្តមានភាពងាយស្រួល ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការបង្កលក្ខណៈងាយស្រួល ជួយដោះស្រាយនូវរាល់ផលប៉ះពាល់នៃការពង្រីកផ្លូវថ្មីឲ្យមានភាពធំទូលាយ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមមេត្តាជួយថែរក្សា កុំឱ្យខូចខាត ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីឲ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។ បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាគ្រឿងចក្រជានិមិត្តរូប ដើម្បីចាប់ផ្ដើមដំណើរការស្ថាបនាផ្លូវនេះ សម្រាប់ទុកជូនដល់ប្រជាជនក្នុងការធ្វើដំណើរឆ្លងកាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព និងបានសំណូមពរដល់ប្រជាជនទាំងអស់ពេលបានផ្លូវល្អ កុំធ្វើដំណើរហួសល្បឿនកំណត់ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរ ខូចខាតមធ្យោបាយធ្វើដំណើរ និងរងរបួសពិការ ឬស្លាប់ដោយសារការធ្វេសប្រហែសឡើយ។