(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក វង់ ឡូ ជាប្រធានថ្មីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការសាទរ លោក វង់ ឡូ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម នាពេលនេះ នឹងសង្ឃឹមជឿជាក់ថា លោកប្រធានមន្ទីរ បន្តបេសកកម្មដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ក្នុងការគ្រប់គ្រង និងរៀបចំផែនការនានាដើម្បីស្តារ ជួសជុល និងអភិវឌ្ឍប្រព័ន្ធធារាស្រ្តក្នុងខេត្តកំពង់ធំឲ្យកាន់តែល្អប្រសើរ។ ជាពិសេស ត្រូវបន្តរកដំណោះស្រាយបញ្ហាកង្វះទឹក និងរក្សាទឹកទុកតាមអាងទឹកនីមួយៗ ឱ្យមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពទឹកឲ្យបានច្រើនសម្រាប់ជួយដល់កសិករប្រើប្រាស់ ព្រមទាំងពង្រឹង គ្រប់គ្រង និងរៀបចំការបែងចែកទឹកឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សម្រាប់វិស័យឧស្សាហកម្ម និង ប្រជាកសិករប្រើប្រាស់បានគ្រប់គ្រាន់។
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ថ្លែងថាធនធានទឹកនៅតែជាអាទិភាពគន្លឹះ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ ដែលជាការចូលរួមចំណែកក្នុងកិច្ចការនេះ មន្ទីរធនធានទឹក និងឧតុនិយម ត្រូវបំពេញតួនាទីរបស់ខ្លួន ជាសេនាធិការឱ្យក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង ស្តារ និងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ធំ ជាពិសេសការជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ស្រូវប្រជាពលរដ្ឋដែលលិចលង់នារដូវវស្សា។
លោក វង់ ឡូ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមនាពេលនេះ បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖ ១-គោរពច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។ ២-ចូលរួមចំណែកយ៉ាងសកម្មអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យ។ ៣-ខិតខំប្រឹងប្រែងយកអស់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ចូលរួមចំណែកអនុវត្តផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក ២០២៤-២០២៨ របស់មន្ទីរធនធានទឹកខេត្តកំពង់ធំ។ ៤-ចូលរួមពង្រឹង និងបន្តនូវកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយមន្ត្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ៥-ខិតខំយកអស់ស្មារតីទទួលខុសត្រូវ នូវភារកិច្ចដែលថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំខេត្តប្រគល់ជូនឱ្យបានទាន់ពេលវេលា និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។ ៦-លើកកម្ពស់ស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងបន្តប្រពៃណីសហការឱ្យបានស្អិតរមួតជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គភាពនានាសម្រាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ។ ៧- សូមទទួលយកដោយរីករាយ និងឥតលក្ខខណ្ឌ នូវអនុសាសន៍ណែនាំដ៏ល្អៗពីថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ ជាពិសេសពី ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត សម្រាប់ជាមាគ៌ា និងបង្ហាញផ្លូវដល់ ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យគ្រប់បេសកកម្ម និងភារកិច្ចប្រកបដោយគណនេយ្យភាព និងប្រសិទ្ធផល។