ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនអ្នកបើកបរកាណូត សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ នៅបីឃុំ តាមដងស្ទឹងសែន គឺឃុំដងកាំបិត ឃុំមានជ័យ និងឃុំក្លែង ព្រមទាំងអ្នកបើកបររថយន្តគិលាន សង្គ្រោះ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅមាត់ស្ទឹងសែនក្នុងឃុំក្លែង និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការដឹកជញ្ជូនសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋនៅឃុំមានជ័យ ឃុំក្លែង និងឃុំដងកាំបិត ក្នុងការឆ្លងកាត់ដងស្ទឹងសែនទៅសិក្សារៀនសូត្រក៏ដូចជាប្រកបមុខរបរអាជីវកម្ម ផ្សេងៗ និងសម្រួលដល់ការដឹកជូនប្រជាពលរដ្ឋទៅព្យាបាលជំងឺដោយឥតគិតថ្លៃ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឧបត្ថម្ភកាណូតតូច.ធំចំនួន៦គ្រឿង សម្រាប់ដឹកជញ្ជូនឆ្លងកាត់នៅកំពង់ចម្លងឃុំដងកាំបិត ចំនួន ២គ្រឿង នៅឃុំមានជ័យនិងឃុំក្លែងចំនួន៤ គ្រឿង។ ដោយឡែករថយន្តគិលានសង្គ្រោះចំនួនមួយគ្រឿង បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកសណ្ដាន់។ ហើយកន្លងមកសម្ដេចធិបតី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ លោកបានផ្ដល់ប្រេងឥន្ទន: ក្នុងមួយខែចំនួន៣០០លីត្រ និងថវិកាក្នុងមួយខែចំនួន១០០ដុល្លារ សម្រាប់ផ្តល់ជូនអ្នកបើកបររថយន្តគិលានសង្គ្រោះប្រចាំខែ ។ ដោយឡែកអ្នកបើកបរកាណូតចំនួន ៦គ្រឿង ក៏បានទទួលប្រេងឥន្ទនៈសម្រាប់ធ្វើការដឹកជញ្ជូន ព្រមទាំងស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគឧបត្ថម្ភប្រចាំខែជូនអ្នកបើកបរផងដែរ។

នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូនប្រេងឥន្ទន: មានប្រេងសាំងចំនួន៩០០ លីត្រ សម្រាប់បម្រើឲ្យការដឹកជញ្ជូនតាមកាណូត និងប្រេងម៉ាស៊ូត ចំនួន៣០០លីត្រ ព្រមទាំងថវិកាចំនួន៣០០ដុល្លារ សម្រាប់អ្នកបើកបររថយន្តគិលានសង្គ្រោះ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ មួយចំនួនបន្ថែមទៀត ផ្ដល់ជូនដល់អ្នកបើកបរកាណូតសម្រាប់ប្រើប្រាស់រយៈពេល៣ ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ ក្នុងការដឹកជញ្ជូនបម្រើប្រជាពលរដ្ឋ តាមការចាំបាច់របស់មូលដ្ឋាន ។

លោក ឃាន់ សុខន អភិបាលរងស្រុក តំណាងឲ្យអាជ្ញាធរដែនដី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ដែលបានយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងស្រុកសណ្ដាន់ ដោយមិនខ្លាចនឿយហត់ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំង ៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun