ទូក(ង)ឈ្មោះ ចំប៉ាពិសីសែនជ័យ ខេត្តកំពង់ធំ បានធ្វើពិធីក្រុងពាលី រំកិលចុះពីលើបង្គង ត្រៀមប្រកួតនៅរាជធានីភ្នំពេញ
(ខេត្តកំពង់ធំ)៖ ទូក(ង)ឈ្មោះ ចំប៉ាពិសីសែនជ័យ ជាទូករបស់វត្តធម្មឃោសិតារាម(ហៅវត្តស្លែង) ស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ព្រះចៅអធិការវត្ត គណកម្មការគ្រប់គ្រងទូក កីឡាករទូក បានធ្វើពិធីក្រុងពាលី រំកិលទូកចុះពីលើបង្គង ត្រៀមលក្ខណៈចូលរួមប្រកួតអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមធិបតីភាពលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ លោក ពៅ វណ្ណា អនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ ព្រះគ្រូគម្ពីរប្បញ្ញោ ហួរ ចាន់ហេន ព្រះចៅអធិការវត្តស្លែង គណៈកម្មការទូក ក្រុមកីឡាករទូក និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តឱ្យក្រុមកីឡាករទូកប្រឹងប្រែងធ្វើការហ្វឹកហាត់ ដើម្បីដណ្តើមយកជ័យលីភី លើកកិត្តិយសមុខមាត់ជូនខេត្ត ដូចគ្រាកន្លងមក ជាពិសេសផ្តាំផ្ញើដល់ក្រុមកីឡាករទូកទាំងអស់ ត្រូវចូលរួមគោរពវិន័យឱ្យបានមឺងម៉ាត់ ពង្រឹងស្មារតីតាំងចិត្តក្លាហាន និងសូមបង្កើននូវសាមគ្គីភាពផ្ទៃក្នុង រក្សាឱ្យបាននូវរបៀបរៀបរយ ថែរក្សាសុខភាពឱ្យបានមាំមួន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករចំណុះទូក និងកោតសរសើរ ដល់គណកម្មការគ្រប់គ្រងទូក ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តរហូតទទួលបានជ័យជំនះ ទទួលបានជ័យលាភីលេខ១ ប្រចាំខេត្តកំពង់ធំ នៅពេលនេះ ដើម្បីត្រៀមទៅប្រកួតនៅរាជធានីភ្នំពេញមានរយៈពេល៣ថ្ងៃខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា លោកជំទាវអភិបាលរងខេត្តកំពង់ធំ និងក្រុមការងារបានរៀបចំក្រុងពាលីដល់ទូក(ង)ឈ្មោះ ចំប៉ាពិសីសែនជ័យ នៅវត្តធម្មឃោសិតារាម(ហៅវត្តស្លែង) ស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចំណុះ៧៥នាក់ ត្រៀម០៥នាក់ ដែលត្រូវត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ។