
កំពង់ឆ្នាំង៖ បើយោងសេចក្ដីរាយការណ៍ របស់ខណ្ឌរដ្ឋបាលកំពង់ឆ្នាំង ជូន ឯកឧត្ដម ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុកប្រធានរដ្ឋបាលជលផលកម្ពុជា បានឱ្យដឹងថា សមត្ថកិច្ចរដ្ឋបាលជលផល ខណ្ឌកំពង់ឆ្នាំង នៅតែបន្តបង្ក្រាប ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រភូមិសាស្ត្ររបស់ខ្លួន ថ្វីត្បិតតែបទល្មើសនេះ មានការថយចុះ ជាអប្បបរមា បើប្រៀប ធៀបនឹងឆ្នាំមុនៗ ក្នុងរដូវបិទនេសាទដូចគ្នានោះ។
ដោយឡែកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សម្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពស្រុករលាប្អៀរ ,សង្កាត់រដ្ឋបាលជលផលរលាប្អៀរ ដឹកដោយលោក ចែម ភក្ដិ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចកំពង់រាំងក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ដោយប្រើប្រាស់កម្លាំងសរុប ១១នាក់ ,មធ្យោបាយដោយកាណូតស្មាច់ចំនួន៣គ្រឿង និងបង្ក្រាបបាន រួមមាន៖
-រុះរើរបាំងសាច់អួនចំនួន០១ករណីស្មើនឹង៧កន្លែង ប្រវែង៦៥០ម៉ែត្រ
-លូសាច់អួនចំនួន៧ មាត់
-បង្គោលសរុបចំនួន ២៥០ដើម និងបានចាក់លែង ត្រីចម្រុះ ចំនួន១៥គីឡូក្រាម ។
ឯនៅថ្ងៃទី០២ ខែកញ្ញា សមត្ថកិច្ចជលផលខណ្ឌកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ច សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច , ប៉ុស្តិ៍នគរបាលឃុំកំពង់ត្រឡាច បានចុះបង្រ្កាបបទល្មើសជលផល នៅចំណុចឃុំកំពង់ត្រឡាច ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុប ០៦នាក់ ,មធ្យោបាយកាណូតស្មាច់ចំនួន២ គ្រឿង និងលទ្ធផលបង្រ្កាបរួមមាន៖
-រុះរើរបាំងស្បៃមុងចំនួន០១ករណីស្មើនឹង១៤កន្លែង ប្រវែង៤២០ម៉ែត្រ
-លូស្បៃមុងចំនួន១៤ មាត់
– បង្គោលសរុបចំនួន ២៥០ដើម និងបានចាក់លែងត្រីចម្រុះចំនួន២០គីឡូក្រាម៕