(កំពង់ធំ)៖ អង្គកឋិនទានសាមគ្គីមួយដែលផ្តួចផ្តើមឡើងដោយ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមការងារ ព្រមទាំងប្រជាពុទ្ធិបរិស័ទជិតឆ្ងាយ ត្រូវបានដង្ហែរទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ស្ថិតនៅវត្តសិរីកើតបុណ្យ(ហៅវត្តសួសគ្រុន) ស្ថិតនៅភូមិសួសគ្រុន ឃុំឈូក ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រី ង៉ែត ណារីន បានមានប្រសាសន៍ឱ្យដឹងថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។ រយៈកាលកឋិនទានក្ដីធ្វើបានតែ១ខែគត់ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ ផលបុណ្យរបស់អ្នកធ្វើកឋិន ទោះគ្រហស្ថក្ដី បព្វជិតក្ដី គឺផ្អែកទៅលើចេតនាទាំងបីរបស់អ្នកធ្វើផង ប្រកបដោយសទ្ធា និងបញ្ញាសម្បយុត្តផង ទាំងសម្ភារៈកឋិន ថ្លៃថ្លាឧត្តមប្រណីត សម្បូរបែបផងដែរ ។
លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត បានបន្តទៀតថា វិស័យព្រះពុទ្ធសាសនា បានរស់រានរហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលជាបន្តបន្ទាប់ នាពេលកន្លងមក និងក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧នេះ បានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ដោយធានាបាននូវស្ថិរភាពនយោបាយនៅកម្ពុជា។
លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបាទមានប្រសាសន៍ថា វត្តអារាម និងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ជាងនេះទៅទៀត ការអប់រំតាមបែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និង ឥរិយាបថក្នុងសង្គម ។
សូមបញ្ជាក់ផងដែរថា មន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមការងារ បានប្រគេនរណ្តាប់អង្គកឋិនទានជូនដល់ព្រះភិក្ខុអត្តសិរី ទីន រស្មី ព្រះគ្រូចៅអធិការវត្តសិរីកើតបុណ្យ(ហៅវត្តសួសគ្រុន) និងប្រមូលបច្ច័យមួយចំនួន សម្រាប់យកមកកសាងនៅបរិវេណវត្តឱ្យមានការរីកចម្រើនផងដែរ។