ប្រជាពលរដ្ឋប្រមាណ ជាង50 នាក់ បានមកប្រមូលផ្ដុំគ្នាសុំការអនុគ្រោះ ខណៈដែលសមត្ថកិច្ចចម្រុះ ចុះរុះរើឧបករណ៍នេសាទមួយគ្រឿង នៅប្រឡាយតាពេជ្រ ក្នុងស្រុកជលគីរី

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

  កំពង់ឆ្នាំង÷  នៅព្រឹកថ្ងៃទី 24 ខែតុលាឆ្នាំ 2024 ប្រជាពលរដ្ឋប្រមាណជាង 50នាក់ មកពី 2 ភូមិ ក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានមកជួបជុំគ្នា នៅចំណុចប្រឡាយតាពេជដើម្បីតវ៉ានិងសុំការអនុគ្រោះ ពីសមត្ថកិច្ចរដ្ឋបាលជលផល និងសមត្ថកិច្ចអាជ្ញាធរដ្ឋបាលស្រុកជលគិរី ខណៈដែលក្រុមសមត្ថកិច្ចនេះ ចុះមករុះរើឧបករណ៍នេសាទដាក់ដាយមួយគ្រឿង នៅប្រឡាយនេះ ស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

នៅក្នុងសកម្មភាពនេះ គេសង្កេតឃើញវត្តមាន ខាងក្រុមសមត្ថកិច្ចមាន សមត្ថកិច្ចរដ្ឋបាលជលផលផ្នែកកំពុងប្រាសាទ ដឹកនាំដោយលោកនួន រិទ្ធី នាយផ្នែកស្ដីទី និងលោក រាល សុខុម នាយសង្កាត់រដ្ឋបាលជលផល ជលគិរី សហគមន៍នេសាទ អន្លង់មេត្រីសែនជ័យ និងសមត្ថកិច្ចកងឯកភាពរដ្ឋបាលស្រុកជលគីរីផងដែរ ដែលដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុក
ឯភាគីប្រជាពលរដ្ឋ មានគណៈកម្មការវត្តពាមឆ្កោក នឹងអាជ្ញាធរ ភូមិ ឃុំ ចូលរួមផងដែរ ។

នៅក្នុងសកម្មភាពនេះ មានប្រជាពលរដ្ឋជាច្រើនអ្នក បានផ្ដល់បទសម្ភាសន៍ដូចៗគ្នាដល់អ្នកសារព័ត៌មាន ក្នុងនោះមានតំណាងប្រជាពលរដ្ឋម្នាក់ ឈ្មោះសែ ងួន បានផ្ដល់បទសម្ភាសន៍ថា ប្រជាពលរដ្ឋមកនេះ គឺសុំការអនុគ្រោះ ដល់សមត្ថកិច្ចជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចរដ្ឋបាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាអនុគ្រោះដល់ការនេសាទប្រមូលផលត្រី នៅចំណុចប្រឡាយតាពេជនេះ ព្រោះថាពួកគាត់2ភូមិ គឺភូមិអន្លង់មេត្រី និងភូមិពាមឆ្កោក មានចំនួន 376គ្រួសារ បានឯកភាពគ្នាផ្ដិតមេដៃ ស្នើសុំប្រមូលផលនេសាទនៅប្រទ្បាយតាពេជនេះ ដើម្បីដោះដូរយកថវិកាទៅកសាងទូក ង ថ្មីមួយគ្រឿង ព្រោះថាទូក ង ចាស់ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលមានឈ្មោះថា ហនុមាន មានរិទ្ធនោះ គឺមានអាយុកាលជាង 30 ឆ្នាំមកហើយ ដោយមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលមិនអាចជួសជុលបាន។

សូមស្ដាប់ការផ្ដល់បទសម្ភាសន៍របស់ប្រជាពលរដ្ឋដូចតទៅ…(ចាក់បទសម្ភាសន៍)។

ទោះជាមានការស្នើសុំអនុគ្រោះពីប្រជាពលរដ្ឋយ៉ាងនេះក្ដី ក៏ក្រុមសមត្ថកិច្ចនៅតែបន្តអនុវត្តច្បាប់ ដោយរុះរើស ឧបករណ៍ដាក់ដាយនេះ បានសម្រេចជាស្ថាពរ។

ប៉ុន្តែភាគីខាងប្រជាពលរដ្ឋ ក៏នៅតែទទួចស្នើសុំសមត្ថកិច្ចជំនាញ ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាអនុញ្ញាតតាមការស្នើសុំរបស់ពួកគាត់ ដោយក្ដីអនុគ្រោះ។

ម្យ៉ាងទៀតពាក្យស្នើសុំរបស់ពួកគាត់ ដែលមានការបញ្ជាក់ពី រដ្ឋបាល ភូមិ ឃុំនោះ កំពុងបញ្ជូនទៅតាមឋានានុក្រមហេីយ។

ទាក់ទិននឹងករណីនេះ លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោកដូវ គីមស៊ីន អភិបាលនៃគណៈអភិបាលស្រុកជលគីរី មិនបានបំភ្លឺថាដូចម្ដេចនោះទេ ព្រោះអ្នកសារព័ត៌មានព្យាយាមសុំបំភ្លឺមិនទាន់បាននៅឡើយទេនៅពេលនេះ ចំណែកមតិមហាជនខ្លះបានលើកឡើងថា គួរតែអនុគ្រោះដល់ប្រជាពលរដ្ឋ ព្រោះថាជាឆន្ទៈរបស់ប្រជាពលរដ្ឋ។ ដោយលោក ជា នីម

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun