(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ នាំយកស្រូវពូជដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មកចែកជូនកសិករព្រោះស្ដារឡើងវិញនៅក្នុងឃុំម្សាក្រង និងឃុំកំពង់ចិនត្បូង នៅរសៀល ថ្ងៃទី២២ ខែតុលាឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី និងឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ សុខទុក្ខសុខមាលភាព ជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោងគ្រប់ពេលវេលា ជាពិសេសពុកម៉ែបងប្អូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់កាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់កសិករ ត្រូវធ្វើការព្រោះស្រូវមិនប្រកាន់រដូវ ដោយផ្អែកលើមូលដ្ឋានរដូវកាលនិងតាមដានអាកាសធាតុឱ្យបានជាក់លាក់ ជាពិសេស ព្រមទាំងមានការថែទាំឱ្យបានដិតដល់ដើម្បីចៀសវាងនូវហានិភ័យផ្សេងៗពីគ្រោះទឹកជំនន់ឬព្រោះរាំងស្ងួត។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋនៅក្នុងឃុំ បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានគិតគូរយកចិត្តទុកដាក់និងបានជួយឧបត្ថម្ភស្រូវពូជសម្រាប់ពួកគាត់ព្រោះស្តារ
ជាការទ្រទ្រង់ ជួយបង្កើនសេដ្ឋកិច្ច ជីវភាពពួកគាត់ឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ស្រូវពូជដែលចែកជូននៅក្នុងឱកាសនេះមានចំនួន១១,៣០០ គីឡូក្រាម ត្រូវជា១១៣គ្រួសារ ហើយមួយគ្រួសារៗទទួលបានពូជស្រូវ១០០គីឡូក្រាមផងដែរ។