រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ដៀប ពីរី ថ្លែងថា កិច្ចប្រជុំនាពេលនេះ បានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យការងារកន្លងមករបស់រដ្ឋបាលខេត្ត អក្ខរាវិរុទ្ធ និងខ្លឹមសារមិនពេញលេញ នៅតាមមន្ទីរ អង្គភាព ដើម្បីកែលម្អឱ្យមានភាពត្រឹមត្រូវឡើងវិញ បានជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរអង្គភាពទាំងអស់ សូមយកចិត្តទុកដាក់ទៅលើរបាយការណ៍ឱ្យបានល្អប្រសើរ ជាពិសេសពេលផ្ញើមករដ្ឋបាលខេត្ត សូមពិនិត្យឱ្យបានត្រឹមត្រូវ ពីខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួនឱ្យបានច្បាស់លាស់ ។
ជាមួយគ្នានេះផងដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកយកកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត ដែលមានរបៀបវារៈចំនួន៦ រួមមាន៖ ១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៤ របស់ក្រុមប្រឹក្សាខេត្ត។២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។ ៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំឆ្នាំ២០២៤។ ៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្ដីសម្រេច ស្ដីពី គោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ដកំពង់ធំ។ ៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាង ប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩)របស់រដ្ឋបាលខេត្តកំពង់ធំ។ ៦-បញ្ហាផ្សេងៗ។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ ក្នុងនោះ ការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង បានផ្តល់សារៈប្រយោជន៍ចំពោះបងប្អូនប្រជាកសិករក្នុងការបង្កបង្កើនផលលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ អាចធ្វើបានច្រើនដងក្នុងមួយឆ្នាំ និងការពារមិនឱ្យមានការលិចលង់ពីទឹកជំនន់ ព្រមទាំងអាចជួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកំសាន្តផងដែរ។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងអំណគុណដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព ដោយចុះអនុវត្តទៅដល់គោលដៅនៅក្នុងមូលដ្ឋាន។