ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ណែនាំដល់កងកម្លាំងទាំងបីត្រូវធ្វើផែនការអនុវត្ត ឱ្យបានជាក់លាក់ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យមានសុវត្ថិភាពថែមទៀត
(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកបានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ប្រចាំខែសីហា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅសាលាស្រុកស្ទោង ។
លោកបានបញ្ជាក់បន្ថែមថា កាលណាយើងធ្វើផែនការសកម្មភាពបានត្រឹមត្រូវហើយអនុវត្តបានខ្ជាប់ខ្ជួននឹង
ជួយឱ្យយើងអនុវត្តការងាររបស់យើងទៅបានងាយស្រួលរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយនេះផងដែរ លោកបានណែនាំបន្ថែមដល់កងកម្លាំងដែលកំពុងប្រតិបត្តិការនៅទីប្រជាការស្រាលទាំងអស់ ត្រូវអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនកុំបន្ធូរដៃឱ្យសោះ ពីព្រោះពួកឆ្លៀតឱកាស ចាំមើលតែចំណុចខ្វះខាត និងឆកល្វែងរបស់យើងតែប៉ុណ្ណោះ។
លើសពីនេះលោក បានបន្ថែមដល់កងកម្លាំងទាំងបីត្រូវ កំណត់មុខសញ្ញា មេក្លោងដែលតែងតែបង្កការរំខាន និងនាំគ្នារុករានទន្ទ្រានព្រៃដោយខុសច្បាប់នៅតំបន់អភិរក្ស នៅពពក មុខសញ្ញាជួញដូរនិងគ្រឿងញៀនដែលសកម្ម មុខសញ្ញានិងទីតាំងល្បែងសុីសងគ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង ដែលតែងតែបង្កអសន្តិសុខ អនាធិបតេយ្យនៅក្នុងមូលដ្ឋាន ជាពិសេសមុខសញ្ញាប្រឆាំង អគតិនិងជ្រុលនិយម ដែលតែងតែបង្កការរំខានដល់ការអភិវឌ្ឍ និងសន្តិសុខសណ្ដាប់ធ្នាប់ជាតិ។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការយកចិត្តទុកដាក់និងតាមដានស្ថានភាពទឹកជំនន់ជាពិសេសទឹកស្ទឹងស្ទោង ដែលអាចបង្ក
ការជនលិច ជាពិសេសអ្នកនៅតាមដងស្ទឹងដែលបណ្ដាលឲ្យខូចខាតដល់ហេដ្ឋេរចនាសម្ព័ន្ធ ដំណាំស្រែចម្ការក៏ដូចជាធ្វើឲ្យបាត់បង់ជីវិតមនុស្សសត្វផងដែរ។
លោកបានណែនាំដល់កងកម្លាំងទាំងបី ប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេឃុំ មេភូមិ និងសហការីក្រោមឱវាទ ត្រូវបន្តអនុវត្តកិច្ចការរបស់ខ្លួនដោយមានប្រសិទ្ធភាពជាពិសេសត្រូវធ្វើរបាយការណ៍និងរាយការណ៍ជាប្រចាំ។