ឯកឧត្តម រស់ សារាំ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការអនុវត្តច្បាប់ព្រហ្មទណ នៅស្រុកសន្ទុក ខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤
នៅសាលាស្រុកសន្ទុក បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងដោយមានការចូលរួមពីសំណាក់លោក-លោកស្រីព្រះរាជ អាជ្ញារង, លោក-លោកស្រីអភិបាល-អភិបាលរង ស្រុក, លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន, លោកក្រឡាបញ្ជី, មន្ត្រីលេខាធិការដ្ឋានរដ្ឋបាល, កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក-មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ផ្នែកប្រតិបត្តិការសឹករងស្រុក, មន្ត្រីផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើ, មន្ត្រីផ្នែក-សង្កាត់រដ្ឋបាលជលផល, មន្ត្រីការិយាល័យ ភូមិបាលស្រុក, មេឃុំទាំង១០ឃុំ, មេភូមិទាំង៩២ភូមិ និងមន្ត្រីនៃរដ្ឋបាលស្រុកសន្ទុក ដោយសរុបមានចំនួន ២១៧នាក់(ស្រី១៨នាក់)។
ឯកឧត្តម រស់ សារាំ បានមានមតិស្វាគមន៍ និងបានលើកឡើងអំពីគោលបំណងសំខាន់ៗ ចំនួន០៤ដូចខាងក្រោម÷ ១.ផ្សព្វផ្សាយអំពីក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ដោយធ្វើបទបង្ហាញសង្ខេប ដោយលោកស្រីព្រះរាជអាជ្ញារង ពេជ្រ ម៉ូលី។ ២.ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ៣.ជំរុញ បង្ការ និងបង្ក្រាបបទល្មើសចាំបាច់សំខាន់ៗ រួមមាន : បទល្មើសគ្រឿងញៀន, ល្បែងសុីសង, ក្មេងទំនើង, ចរាចរណ៍, ហិង្សា, លួចឆក់ប្លន់, ឆបោកតាមប្រព័ន្ធទំនាក់ទំនងសង្គម, ជលផល និងនេសាទខុសច្បាប់, ព្រៃឈើ និងធនធានធម្មជាតិ, ផ្តល់ឯកសារដោយទុច្ចរិត, សុំផ្តល់ឯកសារដោយទុច្ចរិត និងបទល្មើសសុំផ្តល់លិខិតបញ្ជាក់មិនពិត។ ៤.ដោះស្រាយបញ្ហាប្រឈមនានារវាងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធររដ្ឋបាល ភូមិ ឃុំ ស្រុក ។
ឯកឧត្តម រស់ សារាំ ស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋបាលស្រុកសន្ទុក កងកម្លាំងទាំងបី មេឃុំ មេភូមិ មន្រ្តីជំនាញរដ្ឋបាលជលផល មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីជំនាញភូមិបាល និងមន្ត្រីទាំងអស់ ចូលរួមផ្តល់កិច្ចសហការគាំទ្រនូវយុទ្ធនាការ និងការអនុវត្តគោលនយោបាយនានារបស់ក្រសួងយុត្តិធម៌ ដើម្បីបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ តម្លាភាព និង ប្រសិទ្ធភាព ព្រមទាំងបន្តធ្វើកិច្ចសហការឲ្យកាន់តែស្អិតរមួត ក្នុងការធានារក្សាគោលនយោ បាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយ ក្នុងដែនសមត្ថកិច្ចស្រុកសន្ទុកនៃខេត្តកំពង់ធំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។