អភិបាលខេត្តកំពង់ធំថ្លែងថា ផ្លូវថ្នល់ជាសរសៃឈាមនៃសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន
(ខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា ផ្លូវថ្នល់ ចាត់ទុកថាជាសរសៃឈាមនៃសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិឲ្យមានការរីកចម្រើន។
ប្រសាសន៍ដ៏មានអត្ថន័យនេះ លើកឡើងនៅក្នុងពិធីសំណេះសំណាល និងបិទការដ្ឋានគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៤ គម្រោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៧២៨ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ និងលូទោលកាត់ ផ្លូវមុខកាត់ ០.៦០ ម៉ែត្រ ស្ថិតនៅភូមិ ម្លាវ និងភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា សមិទ្ធផលនេះ គឺជាខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុង និងសង្កាត់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីផ្លូវមួយទៅផ្លូវមួយ ជាពិសេសបានសាងសង់នៅផ្លូវបេតុងនេះ ដើម្បីលើកកម្ពស់សោភ័ណភាពនៅក្នុងមូលដ្ឋាន ,និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលគ្រប់ប្រភេទ ក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានប្រកបដោយចីរភាព និងកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្លៀតឱកាសនេះឯកឧត្តមអភិបាលខេត្តកំពង់ធំ បានផ្ដល់នូវការដូ ទុកជាអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្រយ៉ូវ ឧបត្ថម្ភនៅអំពូលសូឡាសម្រាប់បំភ្លឺផ្លូវនៅលើផ្លូវបេតុងនេះ ដែលមានប្រវែង ៧២៨ ម៉ែត្រ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជា សូមចូលរួមថែរក្សាផ្លូវបេតុងនេះឲ្យបានគង់វង់យូរអង្វែង ចូលរួមដាំដើមឈើអមសងខាងផ្លូវបេតុង ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ។
លោក ពេញ កែម អភិបាកក្រុងសឹងសែន បានឡើងអានរបាយការណ៍ បញ្ជាក់ថា ការអនុវត្តគម្រោងមូលនិធិសង្កាត់ក្នុងឆ្នាំ២០២៤ គម្រោងអាទិភាពរបស់សង្កាត់ទាំងប្រាំបី ក្នុងក្រុងស្ទឹងសែន បានធ្វើការសាងសង់ផ្លូវ បេតុង អាមេ ចំនួន ៧ ខ្សែ មានប្រវែង ២,៦៩៨ ម៉ែត្រ ផ្លូវក្រាលក្រួសក្រហម ៧ខ្សែរ ប្រវែង ៩,០១៨ ម៉ែត្រ និងលូដោះ ទឹកភ្លៀង ៣ខ្សែរ ប្រវែង ១,២៩០ ម៉ែត្រ ។ ដោយឡែក គម្រោងមូលនិធិសង្កាត់ស្រយ៉ូវ ឆ្នាំ២០២៤ នេះបានសាង សង់ផ្លូវបេតុង ១ខ្សែរ ប្រវែង ៧២៨ ម៉ែត្រ នៅភូមិម្នាវ និងភូមិពុកយុក ដែលចាប់ផ្តើមធ្វើការសាងសង់ នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២៤ ហើយបានសាងសង់រួចរាល់នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ ។