ក្រុមសមាជិកព្រឹទ្ធសភាជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី
(កំពង់ធំ)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ជៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោកជុំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី នៅខេត្តកំពង់ធំ ដែលប្រារព្ធឡើងនៅ សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២៤ ។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត បានមានប្រសាសន៍ រាជរដ្ឋាភិបាលអាណត្តិទី 7 នៃរដ្ឋសភាក៏នៅតែបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការអនុវត្តគោលនយោបាយធ្វើផែនការ និងការសម្រេចចិត្តផងដែរតាមរយៈការលើកទឹកចិត្តស្ត្រីឲ្យឈរឈ្មោះជាបេក្ខជន ពេញសិទ្ធនិងបម្រុងក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី 7 និងការលើកទឹកចិត្តដល់ស្ត្រី ក្នុងការតែងតាំង ស្ត្រីក្នុងជួរថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងតាមមន្ទីរអង្គភាពមួយចំនួនផងដែរ។
លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានមានប្រសាសន៍ថា នីតិកាលទី២ នៃព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ បានចាត់តាំងបង្កើតក្រុម សមាជិកព្រឹទ្ធសភា ដែលជាសេនាធិការព្រឹទ្ធសភា មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក គាំទ្រ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ សិទ្ធិស្ត្រី និងក្មេងស្រី តាមរយៈការធ្វើវេទិកា សិក្ខាសាលា កិច្ចពិគ្រោះយោបល់ សំណេះសំណាល សួរសុខទុក្ខ និងពិធីផ្សេងៗ ។
លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា ក្នុងនីតិកាលទី១ សមាជិកាព្រឹទ្ធសភា បានរួមគ្នាបំពេញការងារយ៉ាងសកម្ម ដោយមើលឃើញពីសារៈសំខាន់របស់ក្រុមការងារស្ត្រីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបង្កើតក្រុមសមាជិកាព្រឹទ្ធសភា មានរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចច្បាស់លាស់។ ក្នុងឱកាសនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រី្តបានលើកឡើងបញ្ហាប្រឈម នូវ ឃុំ ភូមិ សង្កាត់ របស់ខ្លួន ដើម្បីដាក់ជូនក្រុមសមាជិកព្រឹទ្ធសភា បានដឹងពីបញ្ហានានា ដែរមានកាលំបាកក្នុងការបំពេញតួនាទីការងារតាមឃុំសង្កាត់របស់ខ្លួន ។
លោកជំទាវ មាន សំអាន បានថ្លែងអំណរអរគុណ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងធ្វើការកោតសរសើរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែរពាក់ព័ន្ធនឹងការបង្កើនលទ្ធភាព ដល់ស្ត្រីក្នុងការទទួល សេវានូវសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍ នៅមូលដ្ឋាន ព្រមទាំងលើកកម្ពស់គុណភាពជីវិត ។ ការលើកឡើងនេះសុទ្ធតែបង្ហាញ អំពីការអនុវត្តមុខងារតំណាង របស់សមាជិកា ព្រឹទ្ធសភា ក៏ដូចជាមុខងារតំណាងរបស់សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រី ដែលកំពុងដោះស្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋរបស់យើង ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ រូបភាពដោយ ថុង ពលរិទ្ធី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។