លោកជំទាវលំ គន្ធារី÷ កាកបាទក្រហមកម្ពុជា ការលើកម្ពស់សុខភាពសហគមន៍ ចាត់ទុកវិជ្ជាសង្គ្រោះបឋម និងកីឡា ជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា អភិបាលរងខេត្ត បានថ្លែងបែបនេះនៅក្នុងឱកាសដែលលោកជំទាវអញ្ជើញក្នុងពិធីទិវាពិភពលោកវិជ្ជាសង្រ្គោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ(សង្គ្រោះបឋម និងកីឡា) និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា ការលើកម្ពស់សុខភាពសហគមន៍ ចាត់ទុកវិជ្ជាសង្គ្រោះបឋម និងកីឡា ជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។
វិជ្ជាសង្រ្គោះបឋម និងកីឡានេះ ក៍មានការអញ្ជើញចូលរួមលោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ត្រីសាខា លោក ឌួង វ៉ិត នាយកវិទ្យាល័យតាអោក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ស្ថិតនៅបរិវេណវិទ្យាល័យតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
លោក ឌួង វ៉ិត នាយកវិទ្យាល័យតាអោក បានបញ្ជាក់ថាវិទ្យាល័យតាអោក អគារសិក្សាចំនួន៤អាគារ មាន២១បន្ទប់ ថ្នាក់រៀនចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២មានចំនួន១៨ថ្នាក់ លោកគ្រូអ្នកគ្រូសរុប៤២នាក់ ស្រីសរុប១៨នាក់ និងសិស្សសរុប៧១៤នាក់ ស្រី៤១២នាក់។ សម្រាប់ផែនការឆ្នាំ២០២៥ខាងមុខនេះ រៀបចំបរិស្ថានសាលារៀនឱ្យមានភាពស្រស់បំព្រង ដើម្បីទាក់ទាញសិស្សឱ្យមកសិក្សារៀនសូត្រមានលក្ខណៈល្អប្រសើរផងដែរ។
លោកជំទាវលោក លំ គន្ធារី បានថ្លែងថា វិជ្ជាសង្គ្រោះបឋមមានប្រវត្តិដ៏យូរលង់មកហើយ ស្របពេលការចាប់ផ្តើមឱ្យមានកាកបាទក្រហមទូទាំងពិភពលោក គឺក្នុងខែមិថុនា ឆ្នាំ១៨៥៩ ដោយ លោក ហង់រី ឌុយណង់ ដែលលោកជាពាណិជ្ជករវ័យក្មេង ជនជាតិស្វីស ដែលបានបង្កើតគំនិតនេះឡើង ដើម្បីជួយសង្គ្រោះជីវិតមនុស្សក្នុងការងារមនុស្សធម៌។ ក្នុងកម្មវិធីនាថ្ងៃនេះ គឺជាទិវាមួយដែលមានសារៈសំខាន់ ក្នុងវិស័យការលើកម្ពស់សុខភាព និងសុខភាព សហគមន៍ របស់កាកបាទក្រហមកម្ពុជា ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ទុកវិជ្ជាសង្គ្រោះបឋមជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។
លោកជំទាវបានបន្ថែមទៀតថា តួនាទីសំខាន់ដែលសង្គ្រោះបឋម អាចដើរតួនាទីសំខាន់ក្នុង បរិបទកីឡា ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក អ្នកទស្សនា និងប្រជាជនក្នុងសហគមន៍ទូទាំងពិភពលោក។ ពិភពកីឡាមានសារៈសំខាន់ និងមានថាមពល ដើម្បីស្វែងយល់ពីរបៀបសង្គ្រោះបឋម ព្រឹត្តិការកីឡា ចាប់ពីប្រណាំងថ្នាក់ដំបូង រហូតដល់ការប្រកួតអន្តរជាតិ សុទ្ធសឹងតែទាក់ទាញអ្នកចូលរួម និងអ្នកទស្សនាពីគ្រប់មជ្ឈដ្ឋាន ជាពិសេសភាពស្វាហាប់នៃកីឡា ធ្វើឱ្យបុគ្គលម្នាក់ៗ ប្រឈមនិងហានិភ័យផ្សេងៗ រួមទាំងការបាក់ឆ្អឹងកងខ្នង ការបាក់ឆ្អឹង ការប៉ះទង្គិចនានា និងការសង្គ្រោះបឋមនៃចលនាបេះដូង។
លោកជំទាវ លំគន្ធារី ប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា បានបញ្ជាក់បន្ថែមពីប្រធានបទ«សង្គ្រោះបឋម និងកីឡា» គឺសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ ពីវេជ្ជសាស្ត្រភ្លាមៗនៅក្នុងបរិបទរងរបួសនៅពេលលេងកីឡា និងពីវិធីសាស្ត្រ ដែលមានប្រសិទ្ធ និងការអនុម័តគោលនយោបាយជួយសង្គ្រោះបឋម ដើម្បីធានាសុវត្ថិភាព និងក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះករណីរងរបួស កាត់បន្ថយភាពធ្ងន់ធ្ងរ និងផលវិបាកនៃឧប្បត្តិវហេតុទាក់ទងនិងកីឡា។