អភិបាលស្រុកតាំងគោក និងព្រះចៅអធិការវត្តគុហនគរ រៀបចំបង្គោលភ្លើងនិងបំពាក់អំពូលសូឡា២២ដើម ដើម្បីបំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំពង្រ
(កំពង់ធំ)៖ ដើម្បីសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឱ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានរៀបចំឱ្យមានបង្គោលភ្លើងនិងបំពាក់អំពូលសូឡាចំនួន២២ដើម នៅលើផ្លូវបេតុងដែលទើបសាងសងរួចប្រវែង៥០០ម៉ែត្រ ស្ថិតនៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
បង្គោលភ្លើងនិងអំពូលសូឡាទាំងនេះជាអំណោយរបស់សប្បុរសជជិតឆ្ងាយ ដែលចូលរួមជាមួយព្រះចៅអធិការវត្តគុហនគរ ក្នុងបុព្វហេតុសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឱ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ កាត់បន្ថយភាពស្ងប់ស្ងាត់ ភាពងងឹតនៅតាមដងផ្លូវ ក៏ជាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
មិនតែប៉ុណ្ណោះ សមត្ថកិច្ច ប្រជាការពារ និងប្រជាពលរដ្ឋនៅតាមសងខាងផ្លូវបេតុង៥០០ម៉ែត្រនេះ ក៏បានរួមគ្នារៀបចំដាក់លូបង្ហូរទឹកភ្លៀង និងគម្របលូនៅតាមបណ្ដោយផ្លូវ ព្រមទាំងចាក់សាបនៅតាមចំណីផ្លូវសម្រាប់បង្កភាពងាយស្រួលក្នុងការចេញចូលផ្ទះរបស់ពួកគាត់ផង និងលម្អសោភ័ណភាពតាមដងផ្លូវផង។ សកម្មភាពរបស់ប្រជាពលរដ្ឋបែបនេះ គឺបង្ហាញពីការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកិច្ចការសាធារណៈជាមួយអាជ្ញាធរ។
នាឱកាសនោះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានសម្ដែងនូវការថ្លែងអំណរគុណចំពោះព្រះគ្រូមុនីសីលវង្ស តុន ពិសី ដែលតែងតែកៀរគរជំនួយពីសប្បុរសជនជិតឆ្ងាយយកមកកសាងសមិទ្ធផលនានាក្នុងមូលដ្ឋាន មានទាំងសមិទ្ធផលក្នុងវត្តអារាម និងសមិទ្ធផលសាធារណៈផ្សេងៗ។
លោកអភិបាលស្រុក រួមទាំងព្រះគ្រូមុនីសីលវង្ស តុន ពិសី ក៏បានថ្លែងអំណរគុណនិងជូនពរចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមកសាងសមិទ្ធផលសាធារណៈទាំងនោះ ខណៈការចូលរួមនេះគឺបានផ្ដល់ជាប្រយោជន៍ច្រើនណាស់សម្រាប់មូលដ្ឋានភូមិ/ឃុំ នៅស្រុកតាំងគោក។
ជាមួយគ្នានោះដែរលោកអភិបាលស្រុកតាំងគោក ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិទៅមុខទៀត ពីព្រោះសមិទ្ធផលដែលបានកសាងនៅលើដីនេះ មិនមែនកើតមានក្នុងសង្គមដែលគ្មានសន្តិភាព ឬកើតមានសង្គ្រាមនោះឡើយ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំជឿតាមការញុះញង់ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ដែលចង់ឱ្យប្រជាពលរដ្ឋក្នុងប្រទេសធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីព្រោះការញុះញង់ទាំងនោះគ្រាន់តែជាការលេងនយោបាយទុច្ចរិត បំភ្លៃការពិត បំផ្លាញសុខសន្តិភាព បំផ្លាញការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋក្នុងប្រទេសតែប៉ុណ្ណោះ ពួកគេមិនបានគិតពីទុក្ខវេទនារបស់ប្រជាពលរដ្ឋនៅឡើយ។
ជាមួយគ្នានោះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងខិតខំគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព និងការរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចយើងឃើញនាពេលសព្វថ្ងៃនេះ៕