អភិបាលស្រុកស្ទោង ណែនាំដល់អ្នកទទួលការត្រូវសាងសង់ផ្លូវតាមបទដ្ឋានបច្ចេកទេសកិច្ចសន្យានិងធានានូវគុណភាព
(កំពង់ធំ)÷ លោក សាយ គឹមឡម បានណែនាំដូច្នេះ នៅក្នុងឱកាសដែលលោកអញ្ជើញជាគណៈអធិបតីក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤។
ជាមួយគ្នានេះ លោកបានណែនាំដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ជំនាញបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានពិនិត្យរាល់សកម្មភាពសាងសង់ផ្លូវនេះដើម្បីគុណប្រយោជន៍រួមទាំងអស់គ្នាជាពិសេសទទួលបាននូវផ្លូវគ្រួសក្រហមតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា និងគុណភាព ហើយប្រើប្រាស់បានយូរអង្វែង និងត្រូវសិក្សាឱ្យបានលម្អិតនូវប្រព័ន្ធលូរំដោះទឹក ជាពិសេសជាប្រពន្ធលូជ្រុងប្រកបដោយបទដ្ឋានបច្ចេកទេសនិងនីវ៉ូត្រឹមត្រូវ។
លើសពីនេះ លោកបានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមចូលរួម បើកផ្លូវឱ្យបានធំទូលាយ និងធ្វើជាអ្នកតាមដានត្រួតពិនិត្យជាមួយនឹងអាជ្ញាធរឃុំ ក្នុងដំណើរការសាងសង់របស់ក្រុមហ៊ុនទទួលម៉ៅការ ដើម្បីធានាបាននូវបទដ្ឋានបច្ចេកទេស កិច្ចសន្យាជាពិសេសប្រកបដោយគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានយូរអង្វែង និងជាទ្រព្យសម្បត្តិសាធារណៈរបស់យើង។
ទន្ទឹមនឹងនេះលោក ទាវ វីរ:សមរ៉ា ម្ចាស់ក្រុមហ៊ុនទាវ វីរ:សមរ៉ា បានប្រាជ្ញាចិត្តខ្ពស់ក្នុងការកសាងផ្លូវនេះទៅតាមបទដ្ឋានចេកទេសកិច្ចសន្យាព្រមទាំងអោយបានទាន់ពេលវេលានិងគុណភាពខ្ពស់ផងដែរ។
សូមបញ្ជាក់ថាគម្រោងផ្លូវដែលដាក់ឲ្យដេញថ្លៃនៅក្នុងពេលនេះនេះមានប្រវែង៤,៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ដីស០,៥ម៉ែត្រ គ្រួសក្រហម កម្រាស់០,១៥ម៉ែត្រ និងស្លាកគម្រោងមួយ ដែលមានតម្លៃសរុប៣៦២ ,៦៣៦ ,១៦២រៀលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤។