
(កំពង់ធំ)÷ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ។
ថ្លែងក្នុងកម្មវិធីនេះឯកឧត្តម ឈុន ឈន់ ក៏បានលើកយក របៀបវារៈក្នុងកិច្ចប្រជុំរួមមាន÷ ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត ។ ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ២៩ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។ពិនិត្យ និងអនុម័ត កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣។ បញ្ហាផ្សេងៗ
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងពីការ កែអក្ខរាវិរុទ្ធពាក្យពេចន៍ និងទំរង់ឯកសារផ្សេងៗទៀត នៅក្នុងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តដើម្បីឲ្យមានលក្ខណៈល្អប្រសើរឡើង។ រៀបចំធ្វើការចុះផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលទទួលបានពីថ្នាក់ជាតិ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីស្ដាប់ឱ្យបានពីបញ្ហាលំបាក និងសំណូមពររបស់ពួកគាត់ ជាពិសេសបានចុះសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា។ ឯកឧត្តមក៏បានមានប្រសាសន៍ ពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យអស់លទ្ធភាពតាមគោលការណ៍របស់គណៈបញ្ជារការ ដឹកនាំ បញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩ របស់ក្រសួងមហាផ្ទៃ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ពីការធ្វើរបាយការណ៍ប្រចាំខែ សូមឱ្យមន្ទីរអង្គភាពទាំងអស់ប្រញាប់ផ្ញើរបាយការណ៍ឲ្យបានមុនខែ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់បញ្ចូលជាឯកសារ និងបែងចែកតួនាទី/ភារកិច្ចកិច្ចក្នុងការពិនិត្យរបាយការណ៍ប្រចាំខែ ឲ្យមានលក្ខណៈល្អប្រសើរ។ ធ្វើផែនការអភិវឌ្ឍន៍រយៈពេលបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខេត្តសុំការអនុញ្ញាត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និងត្រូវផ្សព្វផ្សាយលទ្ធផលការវាយតម្លៃ នៃការអនុវត្តផែនការអន្តរាគមន៍អភិវឌ្ឍសមត្ថភាព។ដោយលោកហុី ឈុនលី