
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ហួន ចន្ទបូរ៉ា កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធី ប្រគល់/ទទួលជែល ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជាចំនួន ៧៧៣កាតុង ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៣ និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើសកម្មភាពគ្រប់ទីកន្លែងបានដោយសារការជួយជ្រោមជ្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកឧកញ៉ាសប្បុរសជន នានា ទាំងអស់ក្នុងខេត្ត និងក្រៅខេត្តដែលបានផ្ដល់ជាថវិកា និងសម្ភារៈ ព្រមទាំងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់។ សម្រាប់ជួយដល់ លោកតាលោកយាយពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយសាងសង់ផ្ទះជូនដល់អ្នកមិនមានផ្ទះសម្បែងពិតប្រាកដ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ។ ទីណាមានទុក្ខលំបាក ទីនោះមានសាខាកាកបាទក្រហមកម្ពុជា។
ជាចុងក្រោយឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បងប្អូន និងសប្បុរសជនជនទាំងអស់ដែលបានឧបត្ថម្ភសម្ភារៈ និងថវិកាដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ ក្នុងការជួយរំលែកទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលមានបញ្ហាផ្សេងៗដែលកើតឡើងដោយសារគ្រោះធម្មជាតិផ្សេងៗ។ដោយលោកហុី ឈុនលី