
មណ្ឌលគិរី/ ដែនព្រៃហាមឃាត់ របស់រដ្ឋ រាប់ពាន់ហិកតា នៅភូមិអូរ វ៉ាក់ ឃុំ រយ៉ ស្រុកកោះញ៉ែក បាន និងកំពុងមានការឈូសឆាយទន្ទ្រានរំលោភយក ពីសំណាក់ក្រុមឈ្មួញ ដោយត្រូវរ៉ូវគ្នា ជាប្រព័ន្ធ ជាមួយរដ្ឋបាលដែនដី និងជំនាញ នៅស្រុកនោះ ។
ប្រជាពលរដ្ឋសុំឱុ្យ ឯកឩត្ដម អភិបាលខេត្ត ជួយអន្តរាគមន៍ ព្រោះថាដីនៅទីនោះខ្លះ ដែលពួកគាត់បានកាន់កាប់អាស្រ័យផល យូរមកហើយ ក៏ពពួកឈ្មួញទាំងនោះ រំលោភយកដែរ។
ប្រភពពីមន្ត្រីរដ្ឋបាលស្រុក កោះញ៉ែក បានបង្ហើបឱ្យដឹងថា ដែនព្រៃរបស់រដ្ឋ នៅភូមិអូរវ៉ាក់ ឃុំ រយ៉ នេះ ត្រូវបានមន្ត្រីខិលខូច ប្រើគ្រប់មធ្យោបាយ ដោយឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយសមត្ដកិច្ចជំនាញ បញ្ចូលគ្រឿងចក្រទៅ ឈួសឆាយផ្តួលរំលំព្រៃឈើ នៅដែនព្រៃនោះហើយយកដីទៅលក់ ឱ្យក្រុមឈ្មួញ ដែលមានងារ ជាឧកញ៉ា -លោក ជំទាវ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ដែលល្បីថា រាជរដ្ឋាភិបាល បម្រុងបង្កើតខេត្តថ្មីមួយទៀត នៅស្រុកកោះញ៉ែកនេះ។
ប្រភពដដែលនេះ បានបន្តថា ប្រជាពលរដ្ឋ នៅតំបន់នោះ តែងតែទទួលរងគ្រោះ ពីការបាត់ដីស្រែរបស់ពួកគាត់ ដោយក្រុមឈ្មួញទាំងនោះ និងបក្ខពួក ទន្រ្ទានរំលោភយក ។
ឯប្រជាពលរដ្ឋ នៅឃុំ រយ៉ នេះក៏បានប្រាប់ឱ្យអ្នកសារព័ត៌មាន ដឹងដែរថា នៅពេលថ្មីៗនេះ មានក្រុមហ៊ុន តាយ សេង បានប្រើបក្ខពួក របស់ខ្លួន ឱ្យមកចលនារៀបចំ ប្រមូលទិញដីក្នុងតំបន់នោះ ហើយបច្ចុប្បន្នដីស្រែរបស់ពួកគាត់ ដែលមាននៅតំបន់នោះ ក៏ត្រូវក្រុមនោះ ហាមឃាត់ ហើយហ៊ុមព័ន្ធរំលោភយកទាំងស្រុងតែម្ដង ដោយមានការត្រូវរ៉ូវគ្នា ជាមួយរដ្ឋបាល មូលដ្ឋាន ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមឈ្មួញបាន បញ្ចូលគ្រឿងចក្រ (អេសស្ការវ៉ាទ័រ ) ចូលទៅកាប់កាយផ្តួលរំលំព្រៃឈើ ដោយពេញមុខ ពេញមាត់ គ្មានសមត្ថកិច្ចណា ទៅអើពើនោះទេ។
ដោយយោង តាមសេចក្ដីរាយការណ៍ និងសំណូមពររបស់ ប្រជាពលរដ្ឋ ក្រុមអ្នកសារព័ត៌មាន បានចូលទៅយកព័ត៌មាន នៅតំបន់នោះក៏ជំពើបនឹងសកម្មភាពនោះមែន។
ខណ:នោះ ក្រុមអ្នកសារព័ត៌មាន បានទាក់ទង ទៅសុំការបំភ្លឺ ពីលោក វឿន នាយផ្នែករដ្ឋបាលព្រៃឈើ ប្រចាំ នៅស្រុកកោះញ៉ែក និងលោក អភិបាលស្រុកកោះញ៉ែក ឌឹម នី លោកបាន ត្រឹមតែឆ្លើយដូចគ្នាថា អត់ដឹងរឿងហ្នឹងទេ ហើយតំបន់នោះ ចូលទៅមិនរួច ស្របពេលដែលគ្រឿងចក្រចូលទៅ រុញ ផ្តួលរំលំព្រៃឈើ គឺចូលរួច ឯ រថយន្តអ្នកសារព័ត៌មាន និងម៉ូតូ អ្នកដំណើរ ក៏ចូលរួច ព្រមទាំងបាន ថតសកម្មភាពនោះ ជាក់លាក់ទៀតផង។
ដោយឡែកប្រភពពីមន្ត្រីស្រុកកោះញ៉ែកមួយទៀត បានឱ្យដឹងថា រឿងដី នៅភូមិអូរវ៉ាក់ ឃុំ រយ៉ ដែលបាន និងកំពុងបង្ក ព្យុះភ្លៀងនេះ គឺមាន២ក្រុម គឺក្រុម សយ តុល ហៅថុល និងឈ្មោះ ស៊ុ ឃុនឆ័យ ចំណែក១ក្រុមទៀតឈ្មោះ សុផានី ជាអ្នករៀបចំ ប្រមូលទិញដី ឱ្យក្រុមហ៊ុន តាយ សេង ។
ទាក់ទិននឹងរឿងនេះ លោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោយពីការឆ្លងកាត់ ការឆែកមើល ក្នុងកាមេរ៉ា UTM លើចំណុចទីតាំង ដីរាប់ពាន់ហិកតា ខាងលើនេះគឺជាដីគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ។
ប៉ុន្តែពាក់ព័ន្ធលើសំអាង នៃការកាន់កាប់ដី របស់ប្រជាពលរដ្ឋ នោះ គឺលោកពុំទាន់បានដឹងនៅឡើយទេ ឯគ្រឿងចក្រ ដែលចូលទៅវាយព្រៃនោះ ក៏លោក មិនបានដឹងដែរ តែលោកនឹងបើកការ ស្រាវជ្រាវរឿងនេះ៕ ដោយលោក សន ចាន់ឌី