
កំពង់ធំ÷ នៅរសៀលលថ្ងៃទី ០៨ កុម្ភៈ ២០២១ លោក ភឿន ពណ្ណឈឿន ជាបុគ្គលិកបច្ចេកទេស ព័ត៌មានវិទ្យា នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ និងជាជំនួយការបច្ចេកទេស នៃអង្គភាពគេហទំព័រ រស្មីបូព៌ា និងញូវេហាស៍ ដែលបាន រងរបួសដោយគ្រោះថ្នាក់ចរាចរ ត្រូវបានលោកលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងលោកនិពន្ធនាយក គេហទំព័រ រស្មីបូព៌ា និងញូវេហាស៍ ទៅសួរសុក្ខទុក្ខ និងនាំ ថវិកាទៅជួយឧបត្ថម្ភ។
លោក ភឿន ពណ្ណឈឿន និងក្រុមគ្រួសារ បានទទួលស្វាគមន៍ ដោយសេចក្ដីកក់ក្ដៅ និងមានមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះទង្វើរបស់លោកជំទាវ និង ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពគេហទំព័រ រស្មីបូព៌ា និងញូវេហាស៍ ដែលតែងតែគិតគូរសុខទុក្ខ របស់បុគ្គលិក ឬសហការី។
លោកជំទាវ ង៉ែត ណារីន បានមានប្រសាសន៍នៅពេលនោះថា គឺសុំឲ្យ អ្នកជម្ងឺ ប្រឹងប្រែង ព្យាបាល និងថែរក្សាសុខភាព តាមវេជ្ជៈបញ្ជា ឲ្យឆាប់ជាសះស្បើយ ។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានកោតសរសើរ ចំពោះក្រុមគ្រួសារ របស់អ្នកជម្ងឺ ដែលបានថែទាំ អ្នកជម្ងឺ ធ្វើឲ្យ ស្ថានភាពអ្នកជម្ងឺ ប្រសើរឡើង ។
គួររំលឹកថា នៅម៉ោងប្រមាណ ០៦.១៥នាទីល្ងាច ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ភឿន ពណ្ណឈឿន បានជិះម៉ូតូចេញពីផ្ទះ ទៅធ្វើការនៅមន្ទីរព័ត៌មាន នៅពេលដែលលោកបើកភ្លើងស៊ីញូ ព្រមទាំងបត់ចូលមន្ទីរនោះ ស្រាប់មានម៉ូតូ ក្មេង ជិះពីក្រោយ មកបុកគាត់ពេញទំហ៊ឹង បណ្តាលឲ្យគាត់រងរបួសធ្ងន់ និងសន្លប់ នៅហ្នឹងកន្លែងកើតហេតុ នៅមុខមន្ទីរព័ត៌មាន ស្ថិតក្នុង ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ក្រោយមក គឺ គាត់ដឹងខ្លួន កំពុងស្ថិតនៅ ក្នុងការសង្គ្រោះបន្ទាន់ នៃមន្ទីពេទ្យឯកជនមួយ នាក្រុងស្ទឹងសែន៕ ហ៊ី ឈុនលី