សត្វក្រពើជំទង់ នៅតែអ្នកនេសាទបន្តចាប់បាន នៅក្នុងដែននេសាទ ឃុំកោះថ្កូវ ស្រុកជលគិរី

0
471

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង ៖ សត្វក្រពើជំទង់ នៅតែអ្នកនេសាទបន្តចាប់បាន នៅក្នុងដែននេសាទ ឃុំកោះថ្កូវ ស្រុកជលគិរី ដែល កាន់តែបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋនៅតំបន់នោះ និងសុំឲ្យសមត្ថកិច្ចអាជ្ញាធរ ជួយមានវិធានការ។

ប្រជាពលរដ្ឋនៅឃុំកោះថ្កូវ បានទូរស័ព្ទមកប្រាប់ ព្រមទាំងបញ្ជូនរូប សត្វក្រពើ មកគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា ថា ពួកគាត់ បានប្រទះឃើញសត្វក្រពើ វ័យជំទង់ ជាបន្តបន្ទាប់ នៅក្នុងដែន នេសាទបឹងរូង ដោយមានខ្លះត្រូវចាប់បានទាំងរស់ និងខ្លះទៀត ត្រូវវាយសម្លាប់ ក្នុងពេលចាប់។

ប្រជាពលរដ្ឋនៅឃុំកោះថ្កូវ ទាំងនេះ បានបន្តឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ គឺប្រជានេសាទ ចាប់បានសត្វក្រពើ១ក្បាលទៀតហើយ នៅក្នុងដែននេសាទបឹងរូង ដដែល ដែលសរុបទាំងអស់គឺ៨ក្បាលហើយ គិតពីថ្ងៃទី៨ មកត្រឹមថ្ងៃទី២៥ ខែតុលានេះ ហើយសត្វក្រពើទាំងនោះ សុទ្ធតែមានទម្ងន់ប្រហាក់ប្រហែលគ្នា ពី៨គីឡូក្រាម ទៅ១០ គីឡូក្រាម និងមានប្រវែងប្រមាណ ពី១ម៉ែត្រ ទៅ១,៣ម៉ែត្រ។

អ្នកភូមិបានសន្និដ្ឋានថា គឺនៅមានសត្វក្រពើជាច្រើនក្បាលទៀត ដែលកំពុងរស់នៅក្នុងបឹងរូងនោះ គឺនៅជិតភូមិរបស់ ពួកគាត់តែម្ដង ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាព ជាពិសេសកូនចៅ តូចៗ របស់ពួកគាត់។

អ្នកភូមិនេះ បាននិយាយតៗគ្នាថា សត្វក្រពើទាំងនោះ គឺ រួចចេញតាំងតែពីតូច តាមទុយោបង្ហូរទឹកចេញ ពីកន្លែងចិញ្ចឹមក្រពើ មួយកន្លែង ដែលនៅក្បែរនឹងបឹងរូងនោះ ហើយកាលណុះទឹកពុំទាន់ឡើងចូលបឹង លិចព្រៃដូចសព្វថ្ងៃនេះ។

ទាក់ទិននឹងព័ត៌មានសត្វក្រពើនេះ តាំងតែថ្ងៃដំបូង នៃការចាប់បានសត្វក្រពើ លោកសូត្រ សុផេត នាយប៉ុស្តិ៍ឃុំកោះថ្កូវបានប្រាប់ឲ្យដឹងថា ពិតជាមានប្រជាពលរដ្ឋបាន រាយការណ៍មកប៉ុស្តិ៍ពិតមែន ហើយកន្លងមក នៅក្នុងដែននេសាទបឹងរូងក្ដី ខាងក្រៅបឹងរូងក្ដី ពោលគឺនៅដែននេសាទឃុំកោះថ្កូវនេះ មិន ដែលមាន ឬលឺថា ប្រជាពលរដ្ឋប្រទះឃើញ សត្វក្រពើនោះទេ ទើបតែនៅពេលនេះ។

តែតាមការសន្និដ្ឋានរបស់គាត់ គឺសត្វក្រពើទាំងនោះ អាចរួចចេញពីអាងដែលប្រជាពលរដ្ឋចិញ្ចឹមនៅក្បែរនោះ ម្យ៉ាងទៀតក៏អាចលំហូរចូលពីខេត្តកំពង់ចាម ដែលនៅជាប់ព្រុំប្រទល់នេះ ក៏មានការចិញ្ចឹមសត្វក្រពើដែរ។

លោកមេប៉ុស្តិ៍បន្តថា ប៉ុន្តែទាំងនេះ គ្រាន់តែជាការសន្និដ្ឋានជាបឋម តែ ប៉ុណ្ណោះ រង់ចាំលោកបន្ត ធ្វើការស្រាវជ្រាវ តាមសហគមន៍ និងមូលដ្ឋានដើម្បីកំណត់ពីប្រភពនៃសត្វក្រពើនេះ ចេញមកពីណាឲ្យបានច្បាស់។

ប៉ុន្តែប្រជាពលរដ្ឋ បាននិយាយថា ការនិយាយរបស់ លោកមេប៉ុស្តិ៍ឃុំកោះថ្កូវ គឺជាការកុហក ព្រោះមកទល់ពេលនេះ គឺមិនបានឃើញ សមត្ថកិច្ចណា មកអើពើ នឹងការភ័យខ្លាចរបស់ប្រជាពលរដ្ឋនោះទេ៕ ដោយលោក ហ៊ី ឈុនលី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here