ខេត្តកំពង់ធំ បានរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

0
8

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

 ខេត្តកំពង់ធំ បានរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

    (កំពង់ធំ)÷ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភោជនីយដ្ឋាន ឡូវ គឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

     កម្មវិធីនេះក៏មានការអញ្ជើញចូលរួមឯកឧត្តម ជា ចាន់តូ ប្រធានកិត្តិយស ជាក្រុមការងារចុះជួយខេត្តកំពង់ធំ និងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជា គណៈប្រតិភូរាជធានីភ្នំពេញ និងឯកឧត្តម ងួន រតនៈប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥៥០នាក់។

      ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។ ពិតមែនតែការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបាន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

     ឯកឧត្តមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានបន្ថែមទៀតថាគណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សចូលរួមសហការ ជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី យុត្តិធម៌ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាឱ្យកាន់តែរឹងមាំឡើង។

        ជាចុងក្រោយឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្ត្រ និងលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជានានូវ ជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯងផ្ទ្ទាល់។

       

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here