អ្នកភូមិកោះថ្កូវ ស្រុកជលគិរី មានការភ័យខ្លាច ដោយពួកគាត់ ប្រទះឃើញសត្វក្រពើជាបន្តបន្ទាប់ នៅក្នុងនេសាទបឹងរូង

0
851

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង ៖ ប្រជានេសាទនៅឃុំកោះថ្កូវ ស្រុកជលគិរី មានការភ័យខ្លាច បន្ទាប់ពីពួកគាត់ បានប្រទះឃើញសត្វក្រពើវ័យជំទង់ ជាបន្តបន្ទាប់ នៅក្នុងដែននេសាទបឹងរូង និងមានខ្លះត្រូវចាប់បាន ដោយវាយសម្លាប់ និងខ្លះទៀតចាប់បាន រស់។

ប្រជាពលរដ្ឋនៅឃុំកោះថ្កូវបន្តឲ្យដឹងថា សត្វក្រពើទាំងនោះ ត្រូវបាន អ្នកនេសាទប្រទះឃើញ ជាបន្តបន្ទាប់នៅក្នុងដែនសាទខាងលើ ឯសត្វ ក្រពើដែលត្រូវអ្នកនេសាទចាប់បាន គឺមានចំនួន៧ក្បាលមកហើយ បើសរុប៣ក្បាល ដែលទើបនឹងចាប់បាន កាលពីថ្មីៗនេះ ហើយក្រពើទាំងនោះ មានទម្ងន់ពីប្រមាណពី៤គីឡូក្រាម ទៅ៨គីឡូក្រាម ប្រវែងប្រមាណពី៨តឹក ទៅ១,២ម៉ែត្រ។

ប្រជាកសិករពីរនាក់ ដែលទើបចាប់ក្រពើបាន៣ក្បាល មកក្រោយនេះ គឺម្នាក់ឈ្មោះ ខន ជាអ្នកភូមិកោះថ្កូវ ឃុំកោះថ្កូវ គឺចាប់បាន២ក្បាល និងម្នាក់ ទៀតនៅជិតខាងគាត់ដែរ ចាប់បាន១ក្បាល។
ឈ្មោះខន បានប្រាប់ឲ្យថា គឺគាត់ចាប់បាន នៅពេលយប់ ថ្ងៃទីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ ឯអ្នកជិតខាងម្នាក់ទៀត ចាប់បាន១ក្បាលទៀត នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

បុរសឈ្មោះខុន នេះបានបញ្ជាក់ថា សត្វក្រពើដែលពួកគាត់ចាប់បានទាំងនេះ គឺវាឡើងដេកនៅលើត្រឹបនៅពេលយប់។

អ្នកភូមិ នៅឃុំកោះថ្កូវនេះបាននិយាយតៗគ្នាថា ក្រៅពីសត្វក្រពើ៧ក្បាលដែលចាប់បាន គឺនៅមានសត្វក្រពើជាច្រើនក្បាលទៀត ដែលកំពុងរស់នៅក្នុងបឹងរូងនោះ ហើយបឹងនោះ នៅជិតភូមិរបស់ ពួកគាត់ទៀតផង ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសកូនចៅ ពួកគាត់។

ប្រភពពីអ្នកភូមិនេះ បាននិយាយតៗគ្នាថា សត្វក្រពើទាំងនោះ គឺ រួចចេញតាមទុយោ តាំងពីនៅតូចៗ ដែលគេបង្ហូរទឹកចេញពីអាងចិញ្ចឹមក្រពើមួយកន្លែង ដែលឋិតនៅភូមិក្បែរនេះ ហើយកាលនោះទឹកពុំទាន់ឡើងចូលបឹង លិចព្រៃដូចសព្វថ្ងៃនេះ។

ទាក់ទងនឹងព័ត៌មានសត្វក្រពើនេះ លោកសូត្រ សុផេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះថ្កូវបានឲ្យដឹងថា ពិតជាប្រជាពលរដ្ឋបាន រាយការណ៍មកប៉ុស្តិ៍ពិតមែន ហើយក្នុងភូមិសាស្ត្របឹងរូងក្ដី ខាងក្រៅបឹងក្ដី ពោលគឺនៅដែននេសាទឃុំកោះថ្កូវ មិនដែលប្រជាពលរដ្ឋប្រទះឃើញ និងលឺថា មានសត្វក្រពើនោះទេ តាំងមុនមក រហូតមកដល់បច្ចុប្បន្ន ទើបតែប្រជាពលរដ្ឋប្រទះឃើញនៅពេលនេះ។

ប៉ុន្តែតាមការសន្និដ្ឋានរបស់គាត់ សត្វក្រពើទាំងនោះ អាចរួចចេញពីអាងដែលបងប្អូនប្រជាពលរដ្ឋចិញ្ចឹមនៅក្បែរនោះ ម្យ៉ាងទៀតក៏អាចលំហូរចូលពីខេត្តកំពង់ចាមផងដែរ ព្រោះប្រជាពលរដ្ឋ ខេត្តកំពង់ចាម ដែលនៅជាប់ព្រុំប្រទល់នេះ ក៏មានចិញ្ចឹមសត្វក្រពើនេះផងដែរ។

លោកមេប៉ុស្តិ៍បន្តថា ប៉ុន្តែទាំងនេះ គ្រាន់តែជាការសន្និដ្ឋានជាបឋម តែ ប៉ុណ្ណោះ រង់ចាំលោកបន្ត ធ្វើការស្រាវជ្រាវ តាមសហគមន៍ និងមូលដ្ឋានដើម្បីកំណត់ពីប្រភពនៃសត្វក្រពើនេះ ចេញមកពីណាឲ្យបានច្បាស់៕ដោយលោក ហ៊ី ឈុនលី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here