
កំពង់ធំ÷ សមត្ថកិច្ច រដ្ឋបាលជលផល សង្កាត់បារាយណ៍ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប បទល្មើសនេសាទរបាំងស្បៃមុង ស្ថិតនៅឃុំស្រឡៅ ស្រុកតាំងគោក បានតែមួយពព្រិចភ្នែកប៉ុណ្ណោះ បទល្មើសនេះ បានកើតឡើងវិញដដែល និងច្រើនជាងមុនទៀតផង ដែលធ្វើឲ្យ ប្រជាពលរដ្ឋ សុំឲ្យសមត្ថកិច្ចជលផល និងសមត្ថកិច្ច រដ្ឋបាលស្រុកតាំងគោក បន្តចុះបង្ក្រាប។
គួររំលឹកថា រយៈ២ថ្ងៃ គឺនៅថ្ងៃទី ១៩ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់បារាយណ៍ ដឹកនាំកម្លាំងចម្រុះស្រុកតាំងគោក ចុះបង្ក្រាប បទល្មើសនេសាទ របាំងស្បៃមុង នៅចំណុច ព្រែកទាល់ , បឹងក្រសារ, រោងសេះ, ច្រកសារលាវ, ច្រអើរលាវ,ដៃតាចមទាល់, សានស្រី , និងចំណុច ស្ទឹងកំបុត ស្ថិតនៅក្នុងដែននេសាទ ឃុំស្រឡៅ ប៉ុន្តែ បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បច្ចុប្បន្ន បទល្មើសនេសាទរបាំងស្បៃមុងនេះ បានកើតឡើងវិញដដែល និងច្រើនជាងមុនទ្វេរដង ដែលធ្វើឲ្យប្រជាពលរដ្ឋ ហួសចិត្ត និងសុំឲ្យសមត្ថកិច្ចបន្តចុះបង្ក្រាប កុំឲ្យជនប្រព្រឹត្តបទល្មើសនេះ កោង និងតម្កើងខ្លួន លើសច្បាប់។
ជាមួយគ្នានេះ លោកជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផល សង្កាត់បារាយណ៍ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងបន្តចុះបង្ក្រាបទៀត ល្គឹកណា បទល្មើសនៅតែបន្តកើតមាន ប៉ុន្តែ ឥឡូវកម្លាំងលោកនៅ មិនទាន់ជុំគ្នា។ ដោយឡែក ជនប្រព្រឹត្តបទល្មើសនេសាទ នៅចំណុចនោះ ខ្លះ បានមានអំនួតថា ពួកគេបាន រៃអង្គាសលុយគ្នា ទៅគិត ជាមួយសមត្ថកិច្ចជលផល ដែលចុះបង្ក្រាបនោះអស់ហើយ គឺគ្មាន នណាចុះបង្ក្រាបទៀតទេ។
តែទោះជាយ៉ាងណាក្ដី គេកំពុងរង់ចាំមើលថា តើអំនួតរបស់ជនប្រព្រឹត្តនោះ បានបង្កកដល់ សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចជលផល និងសមត្ថកិច្ចរដ្ឋបាលស្រុកតាំងគោក មែនដែរ ឬទេ?៕